កីឡា​ការិនី Quinley Quezada

សមាជិក​ក្រុម​ជម្រើស​ជាតិនារី​ប្រទេស​ហ្វីលីពីន គឺ​កីឡា​ការិនី Quinley Quezada ជា​ខ្សែ​បម្រើ​ប្រយុទ្ធ បាន​​​ជោគជ័យ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​​ក្លិប JEF United Ichihara Chiba Ladies សមាជិក​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ជប៉ុន Women Empowerment Leagueនៅ​រដូវកាល​ឆ្នាំ​២០២១-២១ ខាង​មុខ ក្នុង​នាម​កូតា​កីឡា​ការិនី​តំបន់​អាស៊ាន។

កីឡា​ការិនី ​Quinley Quezada ​កូន​កាត់​ហ្វីលីពីន-អាមេរិក ជា​​សមាជិក​បរទេស​ទី៣​នៅ​ក្លិប ​JEF United Ichihara Chiba Ladies បន្ទាប់​ពី​កីឡា​ការិនី Cheng Ssu-yu របស់​តៃវ៉ាន់ និង​កីឡា​ការិនី Alex Chidiac របស់​អូស្ត្រាលី។

«ខ្ញុំ​រីករាយ​ដែល​ទទួល​បាន​ឱកាស​ទៅ​ក្រៅ​​នេះ​ហើយ​សូម​អរគុណ​អ្នក​ពាក់ព័ន្ធ​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ»។ កីឡាករ​ការិនី ​Quinley Quezada លើក​ឡើង។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន Mariano Araneta, Jr និង​លោក​អគ្គលេខាធិការ​Atty. Edwin Gastanes បាន​អបអរ​សាទរ​ដល់​​កីឡា​ការិនី ​Quinley Quezada ដែល​មាន​ឈ្មោះ​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន​នេះ។ ​

កីឡា​ការិនី​វ័យ​២៤ឆ្នាំ​រូប​​នេះ ធ្លាប់​ជា​យុវជន​ថ្នាល​នៅ​ក្លិប FC Golden State ចន្លោះ​ឆ្នាំ​២០១០-១២ ហើយ​ចូលរួម​ក្រុម​ Rosemead H.S និង​ក្រុម LA Premier FC ចន្លោះ​ឆ្នាំ​២០១២-១៥។ ចាប់​ពី​ឆ្នាំ​២០១៥-១៨ នាង​បាន​ចុះ​កុងត្រា​កីឡា​ការិនី​អាជីព នៅ​ក្រុម UC Riverside Highlanders ក្នុង​ពានរង្វាន់ NCAA Division I នៅ​សហរដ្ឋអាមេរិក ព្រម​ទាំង​បង្ហាញ​ខ្លួន​បាន​៦៣​លើក រក​បាន​គ្រាប់​បាល់​បាន​៩គ្រាប់។ នៅ​ឆ្នាំ​២០២០ នាង​បាន​ផ្ទេរ​ទៅ​ក្លិប Xinbei Hangyuan នៅ​លីគ​កំពូល​នារី​​កោះ​តៃវ៉ាន់។

ចំណែក​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន វិញ​កីឡា​ការិនី ​Quinley Quezada បាន​ចូលរួម​តាំង​ពី​ឆ្នាំ​២០១៨ ហើយ​បង្ហាញ​ខ្លួន​បាន​១៨លើក និង​រក​គ្រាប់​បាល់​បាន​៩គ្រាប់​ផង​ដែរ។

ពានរង្វាន់ Women Empowerment League ទើប​តែ​​ប្តូរ​ឈ្មោះ​ពី​ពាន Nadeshiko League ដោយ​មាន​សមាជិក​ចូលរួម​ចំនួន១១ក្រុម ហើយ​ក្រុម​ជើង​​ឯក​នឹង​មាន​ឈ្មោះ​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Women’s Club Championship ទៀត​ផង៕

Telegram-Troryorng
Share.