សិល្បៈ​អន្តរជាតិ​៖ អតីត​តារា​ចម្រៀង​ Zuny សមាជិក​ ladies’Code ដែល​រួច​រស់​ជីវិត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​សមាជិក​២​នាក់​ កាល​ពី​៩​ឆ្នាំ​មុន​ បាន​ឱ្យ​ដឹង​ថា​នាង​បាន​ធ្វើ​ការ​ងារ​ជា​អ្នក​រត់​តុ​កាហ្វេ ​៣​ឆ្នាំ​ហើយ​។

Zuny បាន​លើក​ឡើង​ថា​ហេតុការណ៍​គ្រោះ​ថ្នាក់​កាលពី​ថ្ងៃ​ទី​៣ កញ្ញា​ ឆ្នាំ​២០១៤ បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​នាង​ស្ទើ​តែ​ទាំង​ស្រុង​។ តារា​ចម្រៀង​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​រត់​តុ​ក្នុង​ភោជនីយដ្ឋានរបស់​អ្នក​ស្គាល់​គ្នា​ ជាំង​៣​ឆ្នាំ​មក​នេះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​អស់​ជា​ច្រើន​។

ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​នោះ​ខ្ញុំ​រស់​នៅ​ដោយភាព​តក់ស្លុត​និង​រន្ធត់រហូត​មក​។ «រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ​មាន​បញ្ហា​រហូត​ជា​ពិសេស​គឺ​នៅ​ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង បើ​សិន​ជា​ឡាន​បើក​លឿន ខ្ញុំ​មាន​អាការៈពិបាក​ដក​ដង្ហើម​ ឬ​បើ​សិន​ជា​ជួន​កាល​ឡាន​ក្រុង​ស្រាប់​តែ​ឈប់​ងក់​ ខ្លួន​ខ្ញុំ​ចាប់​ផ្ដើម​បែកញើស ចំណែក​បេះដូង​លោតញាប់​ខុសចង្វាក់​។»

អតីត​តារា​ចម្រៀង​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​នាង​នឹក​ដល់​អាជីព​សិល្បៈ​នឹក​ដល់​សមាជិក​ក្រុម​ Ladies Code។ ​ថ្មីៗ​នេះ​នាង​ទើប​តែ​ចុះកុងត្រាជាមួយ​នឹង​ផលិតកម្ម​មួយ​ ហើយ​នាង​នឹង​ចាប់​ផ្ដើម​វិល​ត្រលប់​ចូល​សិល្បៈ​វិញ​។ Zuny និយាយ​ថា​នាង​បាន​ដាក់​ឈ្មោះ​សិល្បៈ​ថា​ Kim Joo Mi នៅពេល​ដែល​នាង​ត្រលប់​ចូល​សិល្បៈ​វិញ​។

ក្រុម​ចម្រៀង Ladies Code គឺជា​ក្រុម​ស្ថិត​ក្រោម​ផលិតកម្ម​ Polaris Entertainment កាល​ពី​ឆ្នាំ​២០១៣​។ ក្រុម​ចម្រៀង​នេះ​មាន​សមាជិក​៥​នាក់​ក្នុង​នោះ​មាន​ប្រធាន​ក្រុម Ashley និង​សមាជិក​ Rise, EunB, Sojung និង​ Zuny។ នៅ​ថ្ងៃ​ទី​៣ កញ្ញា​ ២០១៣ ក្រុម​ចម្រៀង​នេះ​ជួប​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​ក្រោយ​ត្រលប់​ពី​ការ​សម្ដែង​ ដោយ​កាល​នោះ​សមាជិក​២​នាក់​គឺ​ EunB និង Rise បាន​បាត់បង់​ជីវិត។

ក្រោយ​នៅ​សល់​សមាជិក​ត្រឹម​៣​នាក់​ក្រុម​នេះ​នៅ​តែ​បន្ត​ធ្វើ​ការងារ​ក្នុង​រង្វង់​សិល្បៈ ប៉ុន្តែ​ពួក​គេ​បាន​ចាក​ចេញ​ពី​ផលិតកម្ម​ Polaris កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ក្រោយ​ផុត​កុង​ត្រា បន្ទាប់​ពី​នោះ​សមាជិក​ម្នាក់ៗ​បាន​បន្ត​ការងារ​ជា​តារា​ចម្រៀង​ទោល​។

សម្រាប់​ Zuny នាង​មាន​បញ្ហា​លំបាក​បន្តិច​ដោយ​សារ​តែ​ក្រោយ​ពេល​គ្រោះ​ថ្នាក់ នាង​ត្រូវ​ទៅជួប​គ្រូពេទ្យ​ផ្លូវ​ចិត្ត​។ សមាជិក​ក្មេង​ជាង​គេ​នេះ​បាន​និយាយ​ថា​នាង​មិនហ៊ាន​លុប​មុខ​អស់​ពេល​ជា​យូរ​ព្រោះ​រាល់​ពេ​ល​បិទ​ភ្នែក​នាង​តែ​នឹក​ដល់​រូបភាពដំណក់​ទឹក​ភ្លៀង​ដែល​ស្រក់​មក​លើ​មុខ​របស់​នាង​នៅ​ថ្ងៃ​គ្រោះ​ថ្នាក់​នោះ។ ថែម​ពី​លើនោះ​នាង​មិន​ហ៊ាន​សូម្បី​តែ​បិទ​ភ្នែក​គេង​ មិនហ៊ាន​បិទ​ភ្លើង ព្រោះ​រាល់ពេលដែល​នាង​គេង​នាង​តែងតែ​យល់សប្តិ​ឃើញ​រូប​ភាព​គ្រោះ​ថ្នាក់​ដ៏អាក្រក់​នា​យប់​នោះ​៕

Share.