ព័ត៌មានក្លែងក្លាយមួយបានចែកចាយឡើងលើបណ្ដាញសង្គមហ្វេសបុក ទាក់ទងនឹងការលើកឡើងថា នគរបាលបានចាប់ផ្ដើមផាកពិន័យអ្នកល្មើសចរាចរណ៍ ហើយយកវិកយបត្រដល់ផ្ទះ។ ការច្រានចោលព័ត៌មាននេះធ្វើឡើងដោយ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមិថុនា ២០២១។

ប្រភពដដែលបានសរសេរថា មានព័ត៌មានបង្ហោះផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងមានការចែករំលែកជាបន្តបន្ទាប់ ក៏ដូចជាមានការចូលរួមលើកយោបល់ពីមហាជន ( comments) ដែលមិនមែនជាព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះការលើកយោបល់ខ្លះបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាល និងស្ថាប័នអនុវត្តច្បាប់ផងដែរ។

ដើម្បីចៀសវាងមហាជមានការភាន់ច្រឡំ អគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនថា បច្ចុប្បន្នមិនទាន់មានវិធានការណាធ្វើការពិន័យករណីល្មើសសញ្ញាចរាចរណ៍ដល់ផ្ទះប្រជាពលរដ្ឋឡើយ។ រាល់អំពើល្មើស សញ្ញាចរាចរណ៍ ត្រូវបានឃាត់ ចេញបណ្ណពិន័យនៅកន្លែងល្មើសជាក់ស្តែង រួចណែនាំឲ្យបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍តាមពេល និងទីកន្លែងដែលបានកំណត់។

ដោយឡែក ផ្អែកតាមការស្រាវជ្រាវបឋមរកឃើញថា គេហទំព័របណ្ដាញសង្គមឈ្មោះ Policeប៉ូលិស ពុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនោះឡើយ។ ដូចនេះ មាតិកាព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយខាងលើ ជាព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសសង្គម សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមទទួលជ្រាបជាព័ត៌មានច្បាស់ការ។

5517 SharesLikeCommentShare

Share.