នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅសណ្ឋាគារហ្គាឌិនសុីធី រាជធានីភ្នំពេញ ដែលមាន ​៨​ប្រទេស​​ចូលរួម​មានដូចជា៖​ ម្ចាស់ផ្ទះកម្ពុជា, ឡាវ, ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​, ហ្វីលីពីន, វៀតណាម និង ថៃ​​។

ជាលទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺប្រទេសថៃ និង៧ប្រទេសនៅតំបន់អាស៊ាន ដូចជា៖ ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​ និង វៀតណាម បានគាំទ្រ និងអនុម័តជាឯកច្ឆ័ន្ទប្រើ​ឈ្មោះ​«​គុន​ខ្មែរ»​ ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ក្នុងនោះផងដែរ ភាគីថៃ ក៏បានបញ្ជាក់ថាពួកគេនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផងមួយគឺពួកគេជាអ្នកស្រលាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ។

យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍នេះ គឺ​គ្រោង​នឹង​ធ្វើនៅពាក់ កណ្ដាល ឆ្នាំ២០២៣ ពោលគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.