កីឡាករ គួច សុកុម្ភ: បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​បុក​កាល​ពី​ម្សិល​មិញ​ថា៖ «ជាដំបូង​ខ្ញុំ​សូមអរគុណ​ដល់សហពន្ធ័កីឡាបាល់ទាត់កម្ពុជាដែលបានរៀបចំវគ្គ B-license និង​សូម​អរគុណដល់ក្លឹបបាល់ទាត់ NagaWorld FC ដែលបានអនុញ្ញាតឲ្យខ្ញុំបាទចូលរួមវគ្គ B-License ក៏ដូច​ជា​លោកគ្រូ Jose នឹង សំលាញ់ ឃឹម បូរី – Khim Borey assistant staff media នឹង​បង​ប្អូន​កីឡាករ​ដែលបានជួយសហការណ៍កន្លងមក និងសូមអរគុណលោកគ្រូឧទ្ទេស kazunori ohara ដែល​បាន​បង្ហាត់បង្រៀន ចំនេះដឹងផ្នែកបាល់ទាត់ដល់ សំលាញ់ បូរ៉ាវី នឹងប្អូនស្រី នីផា​ដែល​បាន​ជួយ​សម្រប​សម្រួល​ដល់ពួកយើងទាំងអស់គ្នា ក៏ដូចជាលោកគ្រូ អ្នក​គ្រូសិក្ខាកាម​ទាំងអស់​គ្នា​ដែល​បាន​សហការ​និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អ សូម​ជូនពរ​សំណាង​ល្អ​ទាំអស់​គ្នា»។

ខ្សែបម្រើរូប​នេះ បាន​ចាប់​ផ្ដើម​​អាជីព​ជា​កីឡាករ​បាល់ទាត់​ដោយ​ជាប់ជាជម្រើស​យុវជន​លេង​ឲ្យ​ក្រសួង​ការពារជាតិនៅ​២០០៣-២០០៤ និង​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​ខេមរាកីឡា ក្នុង​ក្រប​ខ័ណ្ឌ​លីគកំពូល​កម្ពុជា​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០១០។

កីឡាករវ័យ៣៦ឆ្នាំរូប​នេះ បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោន​ នៅឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០១៥ និង​បាន​ចូល​រួម​ជា​មួយ​ក្លិបបាល់ទាត់ណាហ្គាវើលដ៍ រហូត​ដល់បច្ចុប្បន្ន។ កីឡាករ គួច សុកុម្ភ: ធ្លាប់ជាម្ចាស់ស្បែកជើងមាស Golden Boots ក្នុង​​ពាន​រង្វាន់​ ហ៊ុន សែនខាប់ នៅ​ឆ្នាំ២០០៧, ២០០៩ និង២០១០។

គួបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៤ ខែមករា ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាស​សម្រេច​បន្ត​កិច្ច​សន្យា​បន្ថែមទៀត ជាមួយកីឡាករ គួច សុកុម្ភ: បន្ទាប់​ពី​ចូល​រួម​ជា​មួយ​ក្លិប​ចាប់តាំងពី​ឆ្នាំ២០១៥៕

Share.