កីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ នឹង​ធ្វើ​ការ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ប្រដាល់​សកល​ជើង​ឯក​អាស៊ី Asian Boxing Confederation (ASBC) នៅ​ថ្ងៃ​នេះ​ដោយ​ត្រូវ​ប៉ះ​ជា​មួយ​កីឡា​ករ Tokhirov Nusratbek មក​ពី​ប្រទេស​អ៊ូប៊ែគីស្ថាន ក្នុង​ប្រភេទ​ទម្ងន់​៩២គីឡូក្រាម។ កម្មវិធី​ប្រកួតនឹង​ចាប់​ផ្ដើម​ចាប់​ពីម៉ោង ២:០០នាទៅរសៀល​ត​ទៅ នៅ​ប្រទេស​ថៃ។

កីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន អាប់ឌុលឡាស់ រ៉ាចាពៅ បាន​ឈ្នះ​កីឡាករ Toktosun របស់​កៀហ្ស៊ីស៊ីស្ថាន​ ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣​ទឹក​ទល់១ទឹក អាច​ថា​បាន​កក់​មេដាយប្រាក់​ក្នុង​ដៃ រួច​ជា​ស្រេច។ ខណ:​កីឡាករ​Tokhirov Nusratbek បាន​យក​ឈ្នះ​លើ​កីឡាករ Bekzat Yerkhat របស់​កាហ្សាក់ស្ថាន ដោយ​លទ្ធផល​៥​ទឹក​ទល់០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​លើ​សង្វៀន Huamark Indoor Stadium ក្នុង​រាជធានី​បាងកក ដូចគ្នា។ ​

នេះជាការបំបែកកំណត់ត្រាថ្មីក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេ ដែល​បាន ​ឈាន​ដល់ វគ្គ​ផ្តាច់​ព្រ័ត្រ ប្រដាល់សកលជើងឯកអាស៊ី Asian Boxing Confederation (ASBC) បន្ទាប់​ពីយក​ឈ្នះ​កីឡាករ Toktosun របស់​កៀហ្ស៊ីស៊ីស្ថាន​ ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាល​ពីរាត្រី​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២៣ នៅប្រទេសថៃ។

ដោយឡែក កីឡាករ ពេញ វណ្ណថង ក៏ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់​ពីចាញ់​កីឡាករ​កាហ្សាក់ស្ថាន​ក្នុង​វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា។ សម្រប​ពេល​ដែល​កម្ពុជា បាន​បញ្ជូន​កីឡាករ​ ៣ រូប និង​កីឡា​ការីនី​មួយ​រូប ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​អាស៊ី មួយ​នេះ។ នេះជាជោគជ័យ និង កំណត់ត្រាប្រវត្តិសាស្រ្តថ្មី សម្រាប់សហព័ន្ធក្នុងការ​ឈាន ឆ្ពោះ​រៀបចំការ​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ។


គួរំលឹកថា ព្រឹត្តិការណ៍​ប្រដាល់​សកល​ជើង​ឯក​អាស៊ី​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​ Asian Boxing Confederation (ASBC) នេះ មាន​ប្រទេស​ចំនួន ២១ ក្នុង​ទ្វីប​អាស៊ី ចូលរួម ដោយ​មាន​កីឡាករ-កីឡាការិនី សរុប​ចំនួន ២៤៣ នាក់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែមករា ដល់ ថ្ងៃទី២៧ មករា ២០២៣។ កម្មវិធី​ប្រកួត​នេះ​ដែរ​មាន​មាន​ចំនួន​១៣​វិញ្ញាសា​សម្រាប់​បុរស និង​​១១​វិញ្ញាសារ​សម្រាប់​នារី៕

Share.