នៅព្រឹកថ្ងៃទី២៦ ខែមករានេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ប្រកាសនាំចូលកីឡាករ ហ៊ត ឈិនជិន ដើម្បីត្រៀមក្នុងបេសកកម្ម នារដូវកាលថ្មី ឆ្នាំ២០២៣នេះ។
យុវជន ហ៊ត ឈិនជិន បានបង្ហាញខ្លួនលើកដំបូងក្នុងលីគកំពូលឲ្យក្រុមគីរីវង់សុខសែនជ័យ នៅឆ្នាំ២០២១ ក្រោយចាប់អាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០១៤។ យុវជនចេញពីខេត្តប៉ៃលិនរូបនេះកើតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០១ ចូលលេងបាល់ទាត់ដំបូងជាមួយយុវជនក្រោមអាយុ ១៣ ឆ្នាំរបស់ខេត្តប៉ៃលិន កាលឆ្នាំ២០១៤ ក្រោយមកក៏ទទួលបានឱកាសចូលហាត់បាល់ទាត់នៅបាទីនៅឆ្នាំ២០១៦។
បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទីចំនួន២ឆ្នាំ ពោលគឺចុងឆ្នាំ២០១៨គេក៏ត្រូវបានក្លឹបអាជីពបឹងកេតកោះហៅឲ្យចូលលេងនៅឈុតយុវជនក្រោមអាយុ១៨ឆ្នាំ។ បង្ហាញខ្លួនជាមួយយុវជនបឹងកេតបានតែមួយឆ្នាំក៏បានឡើងមកលេងឈុតធំតែម្ដង។ កីឡាករ ហ៊ត ឈិនជិន ក៏បានជាប់ជម្រើសជាតិក្រោមអាយុ១៧ឆ្នាំបានម្ដង ដោយពេលនោះទៅលេងនៅជប៉ុនផងដែរ៕