យន្ដហោះចម្បាំង ២គ្រឿងរបស់កងទ័ពអាកាសឥណ្ឌាបានធ្លាក់នាថ្ងៃ សៅរ៍ នេះ ដោយបានសម្លាប់ពីឡុតម្នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅកណ្ដាលអាកាស ខណៈកំពុងធ្វើសមយុទ្ធនៅភាគខាងត្បូងនៃរដ្ឋធានី ញូវដែលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សៅរ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២៣។

ឧប្បត្តិហេតុធ្លាក់នោះជាប់ពាក់ព័ន្ធនឹងយន្ដហោះ Sukhoi Su-30 ផលិតដោយរុស្ស៊ី មានពីឡុតបញ្ជាចំនួន ២នាក់ រីឯយន្ដហោះ Mirage 2000 ផលិតដោយបារាំង មានពីឡុតបញ្ជា ១នាក់។

យន្ដហោះទាំង២ បានហោះឡើងនៅពេលព្រឹកពីមូលដ្ឋានអាកាស Gwalior នៃរដ្ឋ Madhya Pradesh ប្រហែល ៥០គីឡូម៉ែត្រ ភាគខាងកើតនៃកន្លែងដែលពួកគេបានធ្លាក់ចុះមក។

កងកម្លាំងទ័ពអាកាសរបស់ប្រទេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «យន្ដហោះនេះកំពុងស្ថិតក្នុងបេសកកម្មហ្វឹកហាត់ហោះហើរប្រតិបត្តិការជាប្រចាំ» ដោយបន្ថែមថា អាកាសយានិកម្នាក់ក្នុងចំណោមអ្នកបើកយន្ដហោះទាំង ៣នាក់ បានទទួលរងរបួសធ្ងន់ធ្ងរ។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យយន្ដហោះចម្បាំងទាំង២នេះ ធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្ដហោះនេះ។

មន្រ្តីប៉ូលីស លោក Dharmender Gaur បានប្រាប់ AFP ថា «អ្នកបើកយន្ដហោះម្នាក់ទៀត ត្រូវបានរកឃើញនៅរស់រានមានជីវិត ប៉ុន្ដែបានរងរបួសនៅក្នុងព្រៃ Padargarh មានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីកន្លែងកើតហេតុ។ យើងបានរកឃើញបំណែកយន្ដហោះមួយក្នុងចំណោមបំណែកយន្ដហោះដែលធ្លាក់ទាំងនោះ។ យន្ដហោះផ្សេងទៀត ទំនងជាបានធ្លាក់ចុះឆ្ងាយពីទីតាំង ហើយយើងបានបញ្ជូនក្រុមដើម្បីស្វែងរកទីតាំងរបស់វាបន្ថែមទៀត»។

សូមជម្រាបថា ការធ្លាក់យន្ដហោះនេះ គឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧបទ្ទវហេតុអាកាសដែលពាក់ព័ន្ធនឹងយន្ដហោះយោធារបស់ឥណ្ឌា។ កាលពីខែ តុលា ឆ្នាំ ២០២២ ទាហានឥណ្ឌា ៥នាក់ បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់នៅក្នុងរដ្ឋ Arunachal Pradesh ស្ថិតនៅជិតព្រំដែនយោធារបស់ប្រទេស និង ជម្លោះព្រំដែនជាមួយចិន៕

ប្រភព៖ CNA

Share.