
សហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រកាសកាលពីល្ងាចថ្ងៃទី៣០ ខែមករាថា បន្ទាប់ពីការប្រជុំពិសេសថ្ងៃ២៦ មករា រវៀងប្រទេសទាំង៨ បានសម្រេចយក ១៩ប្រភេទទម្ងន់សម្រាប់គុនខ្មែរ។ ក្នុងនោះ មាន១១ប្រភេទទម្ងន់សម្រាប់បុរស និង៦ប្រភេទទម្ងន់សម្រាប់នារី បូកទាំងគុនគ្រូបុរស១នាក់ និងវិញ្ញាសាគុនគ្រូនារី១នាក់ សរុបមាន១៩វិញ្ញាសា ដើម្បីដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
ចំពោះលក្ខខន្តិកៈនៃការប្រកួតក៏នឹងកំណត់ស្លៀកសម្លៀកបំពាក់ ដូចជាមានក្រមា បូកនឹងទង់ជាតិប្រទេសរៀងៗខ្លួន ជួតលើក្បាល ក្នុងនោះទ្រនាប់ដៃ ឬ កងដៃ (ខ្សែចងដៃ) ទៅតាមពណ៌នៃប្រទេសនីមួយៗចង់ដាក់ (ពាក់ព័ន្ធនឹងជំនឿ) ព្រមទាំងមានប្រើមួក (ការពារបង្ហាញថាមិនបែបហិង្សា)»។
ជាលទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺមានចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែលនឹងចូលរួមមានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន,វៀតណាម រួមទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

