លោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជា បានបង្ហាញការពេញចិត្តទៅនឹងកម្រិត ប្រកួត​ប្រជែង​របស់​កីឡាករ កីឡាការិនីជម្រើសជាតិកង់ភ្នំកម្ពុជា ដែលពួកគេធ្វើបានយ៉ាងល្អ លើវិញ្ញាសា eliminate ក្នុងការប្រកួតពានរង្វាន់ King Cup នៅប្រទសថៃ បើទោះបីជានេះជាវិញ្ញាសាថ្មី សម្រាប់​ពួក​គេក៏ដោយ។ 

លោក អ៊ុច សុខវិបុល ដែលកំពុងស្ថិតនៅ ខេត្តកាឆាណាក់បូរី ប្រទេសថៃ បានប្រាប់ថា៖ ក្រោយ​ការ​ប្រកួត កាលពីរសៀលថ្ងៃទី២៩ ខែមករានេះ​ថាកីឡាករ កីឡាការិនី​ជម្រើស​ជាតិ​វ័យក្មេង​របស់​កម្ពុជា មានសិទ្ធផលប្រហាក់ប្រហែលទៅនឹងកីឡាករ កីឡាការិនីកម្រិតខ្ពស់របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ទោះបីជាពួកគេ ទើបបានចូលរួមប្រកួតជាលើកដំបូងលើវិញ្ញាសានេះ ប៉ុន្តែកីឡាករ កីឡាការិនីកង់ភ្នំកម្ពុជា មានលទ្ធភាពប្រកួតប្រជែងដណ្តើមមេដាយបានជាមួយនឹងកីឡាករ កីឡាកា​រិនី​បណ្តា​ប្រទេសនានា ជាពិសេសម្ចាស់ផ្ទះថៃតែម្តង និងជាសញ្ញាវិជ្ជមានមួយ សម្រាប់​ត្រៀម​ស៊ី​ហ្គេម នៅកម្ពុជា។

លទ្ធផលការប្រកួត នាថ្ងៃទី២៩នេះ នៅខេត្តKanchanburi ប្រទេសថៃ៖
វិញ្ញាសា Eliminate
១.កីឡាករ​ ឃឹម​ ម៉េងឡុង​ ចំណាត់ថ្នាក់លេខ​ ៣
២.កីឡាការិនី​ ខេន​ ម៉ាឡៃ​ ចំណាត់ថ្នាក់​លេខ​ ៦
៣.កីឡាករ​ ឆាន​ ឆៃហ្វុង​ ចំណាត់ថ្នាក់លេខ​ ៧

លទ្ធផលប្រកួតកាលពីថ្ងៃទី២៨ ខែមករា នៅខេត្តKanchanburi ប្រទេសថៃ៖
ក.វិញ្ញាសា XCO Men elite
កីឡាករ​ ឃឹម​ ម៉េងឡុង​ ចំណាត់ថ្នាក់លេខ​ ៣
កីឡាករ​ ឆាន​ ឆៃហ្វុង​ ចំណាត់ថ្នាក់លេខ​ ៤
ខ.វិញ្ញាសា XCO Men under23
កីឡាករ​ ឃឹម​ ម៉េងឡុង​ ចំណាត់ថ្នាក់លេខ​ ៣
កីឡាករ​ ឆាន​ ឆៃហ្វុង​ ចំណាត់ថ្នាក់លេខ​ ៤
គ.វិញ្ញសា XCO Women elite
កីឡាការិនី​ ខេន​ ម៉ាឡៃ​ ចំណាត់ថ្នាក់លេខ​ ៥
ឃ.វិញ្ញាសា XCO Women under23
កីឡាការិនី​ ខេនម៉ាឡៃ​ ចំណាត់ថ្នាក់លេខ​ ៣

គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជារូបនេះ បានបន្ថែមថា៖ «សម្រាប់ការប្រកួត eliminate នេះ យើង​អាច​និយាយ​បានថា ជា​វិញ្ញា​សាថ្មី​សម្រាប់កីឡាករ កីឡាការិនីរបស់យើង ប៉ុន្តែពួកគេធ្វើបានល្អ លើស​ពីការរំពឹងទុកដោយ កីឡា​ករ ឃឹម ម៉េងឡុង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ រីឯកីឡាករ ឆាន ឆៃ​ហ្វុង បានលេខ៧ និង​កីឡា​ការិនី ខេន ម៉ាឡៃ បានលេខ៦ ហើយ​គោល​បំណង​ចូល​រួម​ប្រកួត​វិញ្ញាសា​ថ្មី​នេះ គឺ​មិនមែន​ត្រឹម​តែ​ការ​ត្រៀម​ដណ្តើមមេដាយឱ្យបានពីស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជា​ការ​ពង្រឹង​សមត្ថភាព និងបង្កើនសិទ្ធផលឱ្យបានល្អ ជា​ពិសេស​ពិនិត្យ​មើល​ពី​ចំណុច​ខ្វះខាត ដើម្បី​ត្រៀម​ឆ្ពោះ​ទៅកាន់ការប្រកួតស៊ីហ្គេមបន្ទាប់ នៅឆ្នាំ២០២៥ ដែលប្រទេសថៃ ធ្វើជាម្ចាស់ម្ចាស់ផ្ទះផងដែរ»។

សូមបញ្ជាក់ថា ការប្រកួតកង់ភ្នំ ពានរង្វាន់ Royal Cup or King Cup ជុំទី១ ដែល​ធ្វើ​នៅ​ប្រទេស​ថៃ​នេះ កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនីសរុប៥នាក់ ឱ្យទៅចូលរួម ក្នុងនោះមាន លោក ផេង ប៉ូលីន ជាប្រតិភូដឹកនាំ លោក អ៊ុច សុខវិបុល ជាគ្រូបង្វឹក ព្រមទាំងកីឡាករ ឆាន ឆៃហ្វុង កីឡាករ ឃឹម ម៉េងឡុង និងកីឡាការិនី ខេន ម៉ាឡៃ៕

Share.