សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បាន​ប្រកាសតែងតាំង​លោក Indra Sjafri ជា​គ្រូ​បង្វឹក​ក្រុមកីឡាករបាលទាត់ U23 ឥណ្ឌូណេស៊ីបណ្ដុះអាសន្នដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា។ ការប្រកាសតែងតាំងគ្រូបង្វឹក​សញ្ជាតិឥណ្ឌូណេស៊ី​រូប​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ការតែងតាំងលោក Indra Sjafri ត្រូវបានធ្វើឡើងដោយសារតែគ្រូបង្វឹកលោក Shin Tae-yong នឹងផ្តោតលើក្រុម U20 ឥណ្ឌូនេស៊ី ដែលនឹងចូលរួមប្រកួតព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ 2023 ដែល​នឹង​ធ្វើឡើងនៅចាប់​ពី​ថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។

លោក Yunus Nusi អគ្គលេខាធិការ PSSI បាននិយាយ​ថា​៖ «​ដោយសារ​ស៊ីហ្គេម​នៅ​កម្ពុជា​កាន់តែ​កៀក​ហើយ PSSI ត្រូវ​​តែងតាំង​គ្រូបង្វឹក​លោក Indra Sjafri ដែល​នឹង​ទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​កម្មវិធី​នឹង​ការ​រៀបចំ​ដើម្បីមានភាពងាយស្រួល​ក្នុង​ការ​អនុវត្តភ្លាមៗ»។

លោក Indra Sjafri កើតនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ១៩៩៦៣ បច្ចប្បន្ន​មាន​វ័យ​៥៩ឆ្នាំ។ លោក​ធ្លាប់​បាន​ដឹង​នាំ​ក្រុមឈុត​យុវជន​ឥណ្ឌូណេស៊ី U16 នៅឆ្នាំ២០១១, U19 ឆ្នាំ២០១២-២០១៤ និង​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម Bali United នៅឆ្នាំ២០១៥-២០១៦ ផ្លាស់​ក្រុមយុវជន U19 ឆ្នាំ២០១៧-២០១៨ និង​ឈុត​ធំ​ចាប់​ពី​ឆ្នាំ២០១៩។

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.