សិល្បៈអន្តរជាតិ៖ នៅក្នុងឱកាសចូលរួមនៅកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ GMA រាជិនីសម្រស់ Marian Rivera បាននិយាយថានៅពេលនេះខ្លួនកំពុងតែមានសេចក្ដីសុខព្រោះក្ដីសុបិនដែលប៉ងប្រាថ្នាពីកុមារពេលនេះបានសម្រេចហើយ។
រាជិនីសម្រស់ប្រចាំខ្សែភាពយន្តហ្វីលីពីនរូបនេះបានបង្ហើបឱ្យដឹងថាខ្លួនមិនដែលស្រមៃទេថារូបខ្លួននឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឬមានទ្រព្យសម្បត្តិច្រើន ព្រោះកាលពីកុមារអ្វីដែលកញ្ញាចង់បានគឺមានគ្រួសារកក់ក្ដៅមួយជារបស់ខ្លួនឯង។ បច្ចុប្បន្ននាងកំពុងតែរីករាយនិងរស់នៅយ៉ាងមានក្ដីសុខជាមួយនឹងស្វាមី Dingdong Dantes និងកូនៗទាំងពីរ អាចនិយាយបានថាពេលនេះនាងកំពុងតែរស់នៅក្នុងក្ដីសុបិនដែលបានក្លាយជាការពិត។
មែនទែនការដែលតារាស្រីហ្វីលីពីន ម្ចាស់រហស្សនាមម៉ារីម៉ា រូបនេះសុបិនចង់មានគ្រួសារដ៏ពេញលេញនិងកក់ក្ដៅមួយមិនមែនជារឿងអីចម្លែកនោះឡើយដោយសារតែកាលពីក្មេងនាងមិនបានរស់នៅជួបជុំគ្រួសារនោះឡើយ ព្រោះនាងកើតនៅអេស្ប៉ាញ ហើយត្រូវបានយាយជាប់សាច់ឈាមចិញ្ចឹមបីបាច់ ក្រោយពេលដែលឪពុកម្ដាយរបស់នាងលែងលះគ្នា កាលពីនាងមានអាយុ៣ឆ្នាំ។ ឪពុកនាងឈ្មោះ Francisco Javier Gracia ជនជាតិអេស្ប៉ាញ រីឯងម្ដាយនាងឈ្មោះ Amalia Rivera គឺជាជនជាតិហ្វីលីពីន។
ម្ដាយនាងបាននាំកូនមករស់នៅហ្វីលីពីនវិញ ប៉ុន្តែទុកនាងនៅទីនោះហើយខ្លួនត្រូវចេញទៅធ្វើការនៅក្រៅប្រទេស។ សម្រាប់ Marian នាងមិនភ្លេចអរគុណចំពោះអាជីពសម្ដែងនោះឡើយ ជាពិសេសគឺទូរទស្សន៍ GMA ដែលបានជ្រើសរើសនាងមកសម្ដែងជា ម៉ារីម៉ា ភាពយន្តភាគថតតាមភាពយន្តដើមរបស់ប្រទសមិចស៊ិក ជារឿងធ្វើឱ្យនាងឆក់បានបេះដូងមហាជន។
រឿងម៉ារីម៉ានេះក៏ជារឿងដែលធ្វើឱ្យនាងបានជួបជាមួយនឹងស្វាមី Dingdon ខណៈដែលអ្នកទាំងពីរសម្ដែងជាតួឯកប្រុសតួឯកស្រីជាមួយនឹងគ្នាដែរ។ ប៉ុន្តែ Marian ទទួលស្គាល់ថានៅពេលសម្ដែងអ្នកពីរនាក់គ្មានចាប់អារម្មណ៍អ្វីចំពោះគ្នានោះឡើយ ដោយម្នាក់ៗព្យាយាមផ្ដោតលើការសម្ដែងរបស់ខ្លួនច្រើនជាង លុះត្រាតែរឿងជិតចប់ទើបអ្នកទាំងពីរចាប់ផ្ដើមក្លាយជាមិត្តនឹងគ្នា។