សមាគមកីឡាបាល់បោះឥណ្ឌូណេស៊ី (Perbasi) កាលពី​ពេល​ថ្មី​នេះ​បាន​ប្រកាស​ថា ចង់​បន្ថែម​កីឡាករចូលសញ្ជាតិម្នាក់ទៀត សម្រាប់​ក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បី​ចូល​រួម​ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា។

ក្រុម​បាល់បោះឥណ្ឌូណេស៊ី មានកីឡាករបាន​ចូល​សញ្ជាតិ​សំខាន់ៗ ដូចជាកីឡាករ Marques Bolden ដែលមានបទពិសោធន៍ក្នុងក្របខ័ណ្ឌបាល់បោះអាមេរិក NBA នោះដែរ។ ក្រៅពីនេះ ក៏​មាន​កីឡាករវ័យក្មេង ដែលមានគុណភាព ជាបេក្ខភាពកីឡាករ NBA គឺ Derrick Michael ផងដែរ។ ការចង់បន្ថែមនេះក៏ព្រោះតែបច្ចុប្បន្នឥណ្ឌូនេស៊ី មានកីឡាករចូលសញ្ជាតិថ្មីតែម្នាក់គត់ គឺកីឡាករ Anthony Beane។

ក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុង​ការ​ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ ដែលបានធ្វើឡើង កាលពីខែឧសភា ឆ្នាំ២០២២ នៅ​ប្រទេស​វៀត​ណាម។

ខណ:សមាគមកីឡាបាល់បោះឥណ្ឌូណេស៊ី នៅមិនទាន់ច្បាស់ថា កីឡាករ Marques Bolden និងកីឡាករ Derrick Michael ទាំង២នាក់នេះ នឹងអាចបង្ហាញខ្លួនម្តងទៀត នៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះគឺដោយសារតែបច្ចុប្បន្ន Bolden កំពុងលេងនៅក្នុងក្របខណ្ឌ NBA G-League ជាមួយក្លិប Salt Lake City Star ខណៈដែល Michael ក៏កំពុងតែលេងឱ្យ Grand Canyon Antelopes នៅក្នុង United States Student Basketball League, NCAA។

ដូច្នេះហើយ បច្ចុប្បន្ននេះ មានតែកីឡាករ Anthony Beane ប៉ុណ្ណោះដែលស្ទើរតែប្រាកដក្នុងចិត្តថា អាចចូលរួមនៅស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានលេងយ៉ាងអស្ចារ្យជាមួយក្រុម Indonesia Patriots ក្នុងលីគបាល់បោះឥណ្ឌូនេស៊ី 2023 Indonesia Basketball League (IBL)។

លោក Danny Kosasih ប្រធានសមាគមបាល់បោះឥណ្ឌូនេស៊ី បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំរបស់សមាគមកាលពីថ្ងៃអង្គារថា៖ «តាមពិតទៅមានកីឡាករចូលសញ្ជាតិតែមួយគត់ គឺ Beane ប៉ុន្តែប្រហែលជាយើងនឹងរកម្នាក់ទៀត ព្រោះយើងមិនចង់ប្រថុយឡើយ។ ស៊ី​ហ្គេម​អាច​ប្រើ​កីឡាករចូលសញ្ជាតិជាតិបានច្រើន១០, ១២នាក់ក៏អនុញ្ញាតដែរ»។

គួស​បញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាក្រុមការពារមេដាយមាស ដែល​គេ​ទើប​តែ​ឈ្នះ​លើក​ដំបូង​ក្នុង​ព្រឹត្តិ​ការណ៍​កីឡាអាស៊ីអាគ្នេយ៍ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខណៈដែល ១៣​លើក​ជាប់ៗគ្នាកន្លងមក គឺហ្វីលីពីន ទទួលបានជ័យជម្នះរហូត។ កាឈ្នះ​របស់​ឥណ្ឌូនេស៊ី នេះ​ដែរ​កឺ​ជា​ការ​ឈ្នះ​លើម្ចាស់មេដាយមាស ១៨សម័យកាល ហ្វីលីពីន ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​ប្រផិត​ប្រផើយ ៨៥-៨១៕

Share.