កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបរបស់វិសាខា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅថ្ងៃទី១១ ខែកុម្ភៈនេះ បន្ទាប់ពីចំណាយពេលជិត ២សប្ដាហ៍ ដើម្បីបន្ដការសិក្សាត្រីមាសទី២ នៃវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅចក្រភពអង់គ្លេស និងប្រទេសបារាំង។

នាយិកាគ្រប់គ្រងក្លិបរបស់ក្លិបបាល់ទាត់វិសាខា បានបង្ហាញសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្រោយសម្រេចបានផ្លែផ្កាដ៏ល្អប្រសើរ ដោយកញ្ញា បានគូសបញ្ជាក់ថា៖«បន្ទាប់ពីចូលរួមសិក្សាត្រីមាសទី២ គឺទទួលបានជោគជ័យខ្លាំង ដោយសារសៀវភៅខ្ញុំសរសេរពីលើកមុន ទទួលបានពិន្ទុ ស្ទើរពេញតែម្ដងបានន័យថាល្អប្រសើរមែនទែន។ នេះជាមានមោទនភាព ដែលខ្ញុំបានសរសេរពីសហព័ន្ធកីឡាបាល់ទាត់បារាំង»។

កញ្ញាបន្ថែមថា៖«ជាមួយការសិក្សានេះដែរ យើងបានស្វែងយល់ជាមួយអ្នកជំនាញឯកទេសជាច្រើន មកពីបណ្ដាសហព័ន្ធបាល់ទាត់អឺរ៉ុប លើការចែករំលែកគ្នា ពីការងារគ្រប់គ្រង ការងារទីផ្សារ ការងារទំនាក់ទំនង ការងារហិរញ្ញវត្ថុ និងការងារជាច្រើនទៀត ដែលជាជំនួយបន្ថែម សម្រាប់ការដែលយើងអាចយកមកប្រើប្រាស់ និងអនុវត្តក្នុងក្លិបរបស់វិសាខា ក៏ដូចជាការជំរុញដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា»។

កញ្ញា អ៊ូ បញ្ញាសុកិត្យា រំពឹងថា៖ ការចូលរួមសិក្សាត្រីមាសទី៣ នៃវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» នាពេលខាងមុខ នឹងទទួលបានជោគជ័យ ក៏ដូចជាផ្លែផ្កាថ្មីៗបន្ថែម តាមរយៈសៀវភៅមួយក្បាលទៀត ដែលនាយិកាក្លិបរបស់យើងបានសរសេរ។ កញ្ញាមានសុទិដ្ឋិនិយមថា៖«ខ្ញុំសង្ឃឹមថា ការចូលរួមសិក្សាត្រីមាសទី៣ នឹងទទួលបានកាន់តែច្រើនថែមទៀត»។

សូមបញ្ជាក់ថា វគ្គសិក្សា UEFA ខាងលើ មានរយៈពេល ១ឆ្នាំ ដែលបានចាប់ផ្ដើមសិក្សាត្រីមាសទី១ តាំងពីខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនាមស្ដ្រីខ្មែរដំបូង ដែលទទួលបានឱកាសចូលរួមសិក្សាវគ្គដ៏មានសារៈសំខាន់នេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណជាខ្លាំង ចំពោះលោកជំទាវប្រធានក្លិប កែ សួនសុភី ដែលបានផ្ដល់ឱកាសដល់កញ្ញា ដើម្បីសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់អភិវឌ្ឍន៍ខ្លួន ពិសេសដើម្បីបន្ដរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើន៕

Share.