នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បានរៀបចំកម្មវិធី «ចែករំលែកក្ដីសល្រាញ់ ជាមួយក្លិបកីឡាបាល់ទាត់វិសាខា» នៅអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP Cambodia) ដែលស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក សូរ មុនីរតន៍ អនុប្រធានក្លិប គណៈគ្រប់គ្រង ក្រុមការងារគ្រូ និងកីឡាកររបស់ក្លិបបាល់ទាត់វិសាខា ហើយក៏មានចូលរួមពីថ្នាក់ដឹកនាំអង្គការអាហ្វេស៊ីបកម្ពុជា ព្រមទាំងកុមារីរងគ្រោះ និងបុគ្គលិកអង្គការសរុបប្រមាណជាង ១០០នាក់។

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវប្រធានក្លិប កែ សួនសុភី រៀងរាល់ឆ្នាំក្នុងឱកាស ទិវាបុណ្យសេចក្ដីស្រលាញ់ Valentine’s Day ពួកយើងតែងរៀបចំនូវកម្មវិធីចែករំលែកសេចក្ដីស្រលាញ់ដល់កុមារតាមអង្គការផ្សេងៗ។

ជាក់ស្ដែងឆ្នាំនេះ ក្រៅពីមតិសំណេះសំណាល និងលើកទឹកចិត្តដល់កុមាររងគ្រោះ ពួកយើងក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ដល់អង្គការអាហ្វេស៊ីបកម្ពុជា ព្រមទាំងរៀបចំពិសារអាហារសាមគ្គីជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយផងដែរ៕

Share.