យោងតាមការបញ្ជាក់របស់សហព័ន្ធ​កីឡា​បាល់ទាត់អន្តរជាតិ ហៅ​កាត់​ថា FIFA បានប្រកាសកាលពីថ្ងៃអង្គារ ទី១៥ ខែកុម្ភ: ឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៣ ដែលមានក្រុមចំនួន៧ចូលរួម ហើយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ ២២ ខែធ្នូ ខាងមុននេះ។

ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA កាលពីថ្ងៃអង្គារ បានកើតឡើង៣ថ្ងៃ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ឆ្នាំ២០២២ ដែល Real Madrid ពីអេស្ប៉ាញ បានយកឈ្នះ Al Hilal ពីអារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ។

គួរដឹងថានេះជាលើកដំបូងសម្រាប់ប្រទេសដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ាមួយនេះ ដែលបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតកាលពីឆ្នាំ ២០០០ មកម្ល៉េះ។ ខណ:ប្រទេសជប៉ុន ធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះច្រើនជាងគេសរុប៨ដង។

ដោយឡែក Real Madrid គឺជាក្រុមតែមួយគត់ដែលឈ្នះពាននេះបានច្រើនជាងគេសរុប៥លើក (២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២) រីឯ ខ្សែបម្រើ Toni Kroos គឺជាកីឡាករតែម្នាក់គត់ឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)។

ទន្ទឹមនិងនេះប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានបញ្ជាក់កាលពីដើមខែនេះថាខ្លួននឹងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ ក្រោយប្រទេសចិន ប្រកាសដកខ្លួន៕

Share.