សិល្បៈ​​អន្តរជាតិ​៖ តារា​សម្ដែង​ហុងកុង​ លាង ឆាវវៃ ​ទើប​តែ​លើក​ឡើង​ថ្មីៗ​នេះ​ថា​រយៈ​ពេល​ជាង​​៤០​ឆ្នាំ​កន្លង​មក​នេះ​​ ចូវ សិងឈឺ ធ្លាប់​ទាំង​ជា​មិត្ត​អាក្រក់​ផង​ និង​ជា​មិត្ត​ល្អ​ផង​។

ជា​ទូទៅ​​លាង​ ឆាវវៃ មិន​សូវ​និយាយ​ដល់​ ចូវ សិងឈឺ​នោះ​ឡើយ ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​ខួប​គម្រប់​៤០​ឆ្នាំ​ដែល​ផ្សាយ​នៅ​លើ​ Douyin តារា​សម្ដែង​វ័យ​៦០​ឆ្នាំ​​បាន​បង្ហើប​ថា​លោក​មិន​ចាំ​នោះ​ទេ​ថា​​​​អ្នក​ទាំងពីរ​ចាប់​ផ្ដើម​ស្គាល់​គ្នា និង​ពេល​ណា​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ស្និទ្ធស្នាល​។

លាង ឆាវវៃ​បាន​និយាយ​ថា​៖ ចូវ សិងឈឺគឺជា​មិត្ត​អាក្រក់​ផង​និង​ជា​មិត្ត​ល្អ​បំផុត​ផង​របស់​ខ្ញុំ​»។ អ្នក​ទាំង​ពីរ​នេះ​មិន​ធ្លាប់​មាន​ឱកាស​បាន​សម្ដែង​ជាមួយ​គ្នា​នោះ​ទេ​ ប៉ុន្តែ​ទិនហ្វី​ធ្លាប់​បបួល​លាង​ឆាវវៃ​ថត​ភាពយន្ត​ខ្លី​ឱ្យ​ខ្លួន​។នៅ​ក្នុង​រឿង​ខ្លី​នោះ​លាង​ឆាវវៃ​សម្ដែង​ជា​តួអង្គ​ចិត្ត​អាក្រក់​ដែល​ត្រូវ​ទិនហ្វី​បង្ក្រាប។ យ៉ាង​ណា​មិញ​នៅ​ពេល​ដែល​ លាង​ ឆាវវៃ​ សួរ​​ទិនហ្វី​ពី​វីដេអូ​រឿង​ខ្លីនោះ​ ទិនហ្វី​ឆ្លើយ​ថា​គាត់​មិន​ដឹង​នោះ​ទេ។​ ត្រង់​ចំណុច​នេះ​លាង​ឆាវវៃ​សន្និដ្ឋាន​ថា​ចូវ សិងឈឺ​ប្រហែល​ជា​យក​វីដេអូ​ដែល​ខ្លួន​ផលិត​នោះ​ទៅ​លាក់​ទុក​។​

នៅ​ក្នុង​កម្មវិធី​​ដដែល​នោះ​លាង​ ឆាវវៃ​​បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ថា​លោក​និងចូវ​ សិងឈឺ​មាន​ទំនាស់​នឹង​គ្នា​ផង​ដែរ​។ ចំពោះ​ឈ្មោះ​មិត្ត​អាក្រក់​ដែល​ ចូវ សិងឈឺ​ទទួល​បាន​នោះ​កើត​ឡើង​ដោយ​សារ​តែ​ម្ដាយ​របស់​លាង​ ឆាវវៃ​។ លោក​​ស្រី​គិត​ថា​ទិនហ្វី​ជា​មិត្ត​អាក្រក់​ព្រោះ​កូន​ប្រុស​លោក​ស្រី​អាច​នឹង​អស់​អនាគត​ព្រោះ​តែ​បោះ​បង់​ការ​ងារ​​របស់​ខ្លួន​ហើយ​ទៅ​ថត​រឿង​តាម​ការ​បបួល​របស់​ទិនហ្វី​។

រយៈ​ពេល​ជាង​៤០​ឆ្នាំ​​នៅ​ក្នុង​សិល្បៈ​បាន​សម្ដែង​ភាពយន្ត​ជា​ច្រើន​ និង​អាច​មាន​ជីវិត​រស់​នៅ​តាម​អ្វី​ដែល​លោក​ចង់​បាន​ត្រូវ​អរគុណ​ដល់​ទិនហ្វី​ដែល​បើក​ឱកាស​ឱ្យ​លោក​អាច​បោះជំហាន​ដើរ​លើ​វិថី​សិល្បៈ៕

ប្រភព៖ vnexpress



Share.