ស្ទឹងត្រែង ៖ ជនរងគ្រោះមួយគ្រួសារ ចំនួន៨នាក់ លង់លិចទូកកណ្តាលទន្លេមេគង្គ សង្គ្រោះបាន៤នាក់ បាត់ខ្លួន៤នាក់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅដងទន្លេមេគង្គ ចំណុចកន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គិតមកដល់រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចស្វែងរកសាកសព បានចំនួន៣នាក់ហើយ នៅក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ សមត្ថកិច្ចកំពុងស្វែងរក ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋមួយគ្រួសារ មានគ្នាចំនួន៨នាក់ ធ្វើដំណើរតាមទូកពីផ្ទះនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាអកុសលចំកន្លែងទឹកគួចបណ្តាលឲ្យលង់លិច សង្គ្រោះបាន៤នាក់ បាត់ខ្លួន៤នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចតាមស្វែងរក ជនរងគ្រោះ ៖ ទី១ ឈ្មោះ សុត មី ភេទប្រុសអាយុ៥៨ឆ្នាំ រកឃើញនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ទី២ ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ ២៥ឆ្នាំ ត្រូវជាកូន រកឃើញនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ទី៣ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាចៅ រកឃើញនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ចំណែកចៅប្រុសម្នាក់ទៀត ឈ្មោះ លួយ ហាត់ អាយុ៦ឆ្នាំ សមត្ថកិច្ចរកមិនទាន់ឃើញនៅឡើយ គិតមកដល់រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.