ក្រុម​ប្រេស៊ីល

ក្រុម​បាល់ទះ​បុរស​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្រុម​ប៉ូឡូញ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ ​2021 FIVB Volleyball Men’s Nations League ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​រៀងៗខ្លួន​នៅ​យប់​ថ្ងៃ​សៅរ៍ នេះ។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៖
-ប្រេស៊ីល ៣-០ បារាំង (២៥-២០,២៥-១៨,២៥-១៩)
-ប៉ូឡូញ ៣-០ ស្លូវ៉ាគី (២៥-២២,២៥-២១,២៥-២៣)

ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​ចុងក្រោយ​ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ដោយ៖
-លេខ៣៖ បារាំង Vs ស្លូវ៉ាគី (ម៉ោង​៤:៣០នាទី​ល្ងាច)
-ជើង​ឯក៖ប្រេស៊ីល ប៉ូឡូញ (ម៉ោង​៨យប់)

ការ​ប្រកួត​​ពានរង្វាន់​ 2021 FIVB Volleyball Men’s Nations Leagueធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rimini Fiera ក្នុង​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ចាប់​ពី​​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២១។

ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​កៅអី FIVB Volleyball Men’s Nations League ចាស់​មាន​អាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួស​ដោយ​ហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែក​ក្រុម​ឡើង​ពី​ការ​ប្រកួត2021 Challenger Cup មាន​អូស្ត្រាលី,​ប៊ុលហ្គារី, កាណាដា និង​ស្លូវេនី។ ​ក្រុម​ទាំង​១៦ នេះ​​បាន​​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដើម្បី​រក​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕

Telegram-Troryorng
Share.