កីឡាការិនី​ជឺជិតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១ (American National IBJJF Jiu-Jitsu Championship 2021)។

ការ​ប្រ​កួត​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-២៦ ខែ​មិថុនា​នេះ នៅ​ទី​ក្រុង Las Vegas ដោយ​មាន​អត្ត​ពលិក​ចូល​រួម​ប្រ​មាណ​ជាង ៤,០០០នាក់ និង​ប្រ​កួត​លើ​វិញ្ញាសា​ជា​ច្រើន។

ខាន់ ចេសា បានប្រកួតលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ ដោយ​នាង​បាន​ចាប់​ឆ្នោត​ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុន​យក​ឈ្នះគូប្រកួត ក្នុង​លទ្ធ​ផល ៧-០ពិន្ទុ ដើម្បី​បន្ដ​ឡើងវគ្គផ្ដាច់​ព្រ័ត្រ។ ឈាន​​ដល់​វគ្គ​កាត់​សេចក្ដី កីឡាការិនីកូន​កាត់​ខ្មែរ-ម៉ិកស៊ិក-អាមេរិក ដដែល ធ្វើ​បាន​កាន់​តែល្អ ដោយ​បាន​ផ្ដួល​គូប្រកួត Patrícia Maria N. Fontes dos Santos ​ជាមួយ​ការប្រើ​បច្ចេកទេស​​ពិសេស​ស្នៀតកាច់​ឃ្លេ រហូត​ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត ដើម្បី​ក្លាយ​ជាម្ចាស់​មេដាយ​មាស​តែម្ដង។

ក្រោយ​ដណ្ដើមបានជ័យជម្នះខាងលើ ម្ចាស់មេដាយ​មាស​កីឡា​អាស៊ី ឆ្នាំ២០១៨ និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩ របស់​កម្ពុជា ខាន់ ចេសា បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ដែល​ខ្លួន​​អាច​ដណ្ដើម​បាន​មេដាយ​មាស​ជា​ថ្មី ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ នៅ​សហរដ្ឋ​អា​មេ​រិក​នេះ ។ អ្វី​ដែល​ពិសេស គឺ​នាង​ទន្ទឹង​រង់ចាំ​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រ​កួត​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម នាចុងឆ្នាំ​២០២១ នេះ ។

កីឡា​ការិនី​វ័យ​១៩ឆ្នាំរូបនេះ បាន​បញ្ជាក់​ពី​ទីក្រុង Las Vegas ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា «ខ្ញុំពិត​ជា​សប្បាយ​ចិត្ត​សម្រាប់​ជ័យជម្នះមួយនេះ ហើយខ្ញុំក៏សង្ឃឹមថា ប្រទេស​កម្ពុជា នឹង​រួច​ផុត​ពី​ជំងឺ​កូវីដ-១៩ ​ឆាប់ៗ​ដែរ។ មួយវិញទៀត ខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នឹងបន្ដធ្វើ ហើយ​ខ្ញុំ​ចង់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​ពី​មោទនភាព​នៃ​អត្តពលិក​កម្ពុជា ក្នុង​ប្រភេទ​កីឡា​នេះ។ ខ្ញុំ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ក្នុងការធ្វើដំណើរទៅកម្ពុជា ដើម្បីប្រកួតតំណាងកម្ពុជា» ។

គួរដឹងថា ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជា​កីឡាការិនី​លំដាប់​កំពូល​ម្នាក់​នាពេលបច្ចុប្បន្ន បន្ទាប់​ពី​នាង​បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុង​នាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។ អ្វីដែល​គួរ​ឲ្យ​កោត​សរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និង​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​ប្រកួត​តំណាង​កម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ Sea Games 2023

Telegram-Troryorng
Share.