ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ស្ទាក់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីចូលធ្វើសកម្មភាពគម្រាមប្លន់យកម៉ូតូគេ ដល់ក្នុងផ្ទះរួចជិះគេចខ្លួនបានរយៈពេលត្រឹមជាងមួយម៉ោងប៉ុណ្ណោះ។

សកម្មភាពចុះឃាត់ខ្លួនជនសង្ស័យធ្វើឡើង នៅវេលាម៉ោង11 និង15នាទីយប់ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2021 ត្រង់ចំណុចបឹងអំពិល ភូមិតាំងគោកឃុំតាលោ ស្រុកតាលោ សែនជ័យ ខេត្តពោធិ៍សាត់។

លោក អ៊ុលហៃ អធិការនគរបាលស្រុកតាលោកសែនជ័យប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អូមសារុំ ភេទប្រុសអាយុ 42 ឆ្នាំរស់នៅក្នុងឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់។ ដោយឡែកម្ចាស់ម៉ូតូរងគ្រោះ ឈ្មោះ សុខ អាន ភេទស្រីអាយុ 62 ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។

លោកបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានថាជនសង្ស័យខាងលើចូលធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូម៉ាកវេវអាល់ហ្វាពណ៌សស៊េរីឆ្នាំ 2013 ពីជនរងគ្រោះដល់ក្នុងផ្ទះរួចជិះគេចខ្លួនដោយសុវត្ថិភាព លោកបានរៀបចំកម្លាំងសហការចុះស្ទាក់គ្រប់ច្រកល្ហកហើយបានជួបជនសង្ស័យកំពុងជិះម៉ូតូ នៅចំណុចខាងលើគាត់ដេញស្ទាក់ចាប់បានតែម្ដង។ លោកថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេមានគ្នាបីនាក់ពេលចូលធ្វើសកម្មភាព គឺទៅតែម្នាក់ឯងតែប៉ុណ្ណោះ។ ដោយឡែកពីរនាក់ទៀតឈរចាំមើល ផ្លូវ នៅក្បែរផ្ទះ។

ចំពោះជនសង្ស័យ សមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីបង្កសំណុំរឿងតាមនីតិវិធី។ ចំណែកជនសង្ស័យពីរនាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕

Share.