ចូលដល់សតវត្សទិ២១ ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែជឿនលឿន និងមានភាពទូលំទូលាយទាំងការរស់នៅប្រចាំថ្ងៃ រហូតដល់ការបំពេញការងារពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Remote Work Security) បានក្លាយជាជម្រើសដ៏ពេញនិយម ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ស្របពេលមានការរីកចម្រើសបច្ចេកវិទ្យាឌីជីថល ក្នុងពេលទន្ទឹមគ្នានេះ ហានិភ័យក៏បានកើតមានឡើងជាបន្តបន្ទាប់ តួយ៉ាងដូចជាការលួចយកទិន្នន័យ ការស្កាត់ស្ទាក់ចរាចរណ៍ទិន្នន័យការលួចជ្រៀតចូលប្រព័ន្ធ ការចម្លងមេរោគ និងអំពើល្មើសមួយចំនួនផ្សេងទៀត ដែលផ្តល់ប៉ះពាល់ផ្ទាល់ ឬប្រយោល ដល់បុគ្គល ឬស្ថាប័នផងដែរ។
ដើម្បីសុវត្ថិភាព ការបំពេញការងារពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ខាងក្រោមនេះជាវិធីសាស្ត្រការពារមូលដ្ឋាន ចំនួន៥ ដែលអ្នកត្រូវអនុវត្ត៖
១. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញ Wi-Fi សាធារណៈដើម្បីធ្វើការបញ្ជូនទិន្នន័យ ទូរទាត់ប្រាក់ ទំនាក់ទំនង ឬដំណើរការប្រព័ន្ធសំខាន់ៗរបស់ស្ថាប័ន
២. ធ្វើការត្រួតពិនិត្យឧបករណ៍តភ្ជាប់មកកាន់ហេដ្ឋារចនាសម្ព័ន្ធណេតវើករបស់ស្ថាប័ន ដើម្បីពិនិត្យការអនុឡោមតាមបទដ្ឋានសុវត្ថិភាព (ធ្វើបច្ចុប្បន្នភាពកម្មវិធី បានដំឡើងកម្មវិធីកម្ចាត់មេរោគ ប្រព័ន្ធប្រតិបត្តិការមានអាជ្ញាប័ណ្ណត្រឹមត្រូវ)។
៣. ដំឡើងកូដនីយកម្ម (Encryption) សម្រាប់ទំនាក់ទំនង ផ្លាស់ប្តូរទិន្នន័យ និងដំណើរការប្រព័ន្ធ ពីខាងក្រៅ។ បច្ចេកវិទ្យា Virtual Private Network (VPN) បានដើរតួរយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងអ្នកប្រើប្រាស់ខាងក្រៅចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធណេតវើក ឬប្រព័ន្ធរបស់ស្ថាប័ន ដោយគាំពារចរាចរណ៍ទិន្នន័យដោយប្រើប្រាស់ច្រកសុវត្ថិភាព (Security Tunnel)។
៤. ចែករំលែកព័ត៌មាន និងចំណេះដឹងអំពីសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ជូនដល់បុគ្គលិកជាប្រចាំ ដោយរៀបចំយន្តការប្រឹក្សាយោបល់ និងទទួលសេចក្តីរាយការណ៍ពីបុគ្គលិកផងដែរ។
៥. ដំឡើងអភិបាលកិច្ចសន្តិសុខបច្ចកវិទ្យាឌីជីថល ធ្វើការពិនិត្យតាមដាន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
កំណត់សម្គាល់៖ ចូរប្រើប្រាស់ VPN ដែលទទួលស្គាល់ត្រឹមត្រូវពីស្ថាប័ន បើមិនដូច្នេះទេ អ្នកក៏អាចក្លាយជាជនរងគ្រោះនៃការលួចយក ទិន្នន័យពីសំណាក់ជនខិលខូចផងដែរ៕
ប្រភព៖ ក្រុមការងារព័ត៌មានវិទ្យា