មានករណីហិង្សាមួយបានកើតឡើង ផ្តើមពីទូរស័ព្ទច្រឡំលេខបន្ទាប់មកពីគូទំនាស់ទាំង២ក៏បានណាត់ជួបគ្នា ល្បងកម្លាំងរហូតបណ្តាលឲ្យម្នាក់រងរបួសដេរ៨ថ្នេរ។

ករណីហិង្សានេះបានកើតឡើងនៅទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទីនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េប ញ៉ាំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ។

ចំណែកឯជនសង្ស័យមានឈ្មោះ នួន សារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖១.កាំបិតផ្គាក់ មួយប្រវែង ៦៦សង់ទីម៉ែត្រ ដងឬស្សីប្រវែង ៣៣ សង់ទីម៉ែត្រ ផ្លែដែកប្រវែង ៣៣សង់ទីម៉ែត្រ ទំហំផ្លែកាំបិត៤,៥សង់ទីម៉ែត្រ (របស់ជនសង្ស័យ)។

២.កន្ត្រៃ មួយប្រវែង១៤សង់ទីម៉ែត្រ ដងជ័រ ពណ៌ត្រួយចេកលាយផ្ទៃមេឃ ប្រវែង ០៦សង់ទីម៉ែត្រ ផ្លែដែកប្រវែង ០៨សង់ទីម៉ែត្រ (របស់ជនរងគ្រោះ)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើជនរងគ្រោះបានយកលេខទូរស័ព្ទរបស់ខ្លួន 0969 450 305 តេចូលលេខទូរស័ព្ទជនសង្ស័យ 093 719 103 រួចនិយាយសួរនាំគ្នាទៅវិញទៅមក (តេច្រឡំ) ក្រោយពីនិយាយគ្នាបានបន្តិចមកជនរងគ្រោះ និងជនសង្ស័យក៏ស្គាល់គ្នា (អ្នកភូមិជាមួយគ្នា) ពេលនោះជនសង្ស័យ និងជនរងគ្រោះបានជេរគ្នាតាមទូរស័ព្ទទៅវិញទៅមកដោយជនរងគ្រោះដៀលជនសង្ស័ថាអាខ្វាក់ និងជេរម្រាយជនសង្ស័យថែមទៀត និងបបួលជនសង្ស័យវ៉ៃគ្នា ពេលនោះជនសង្ស័យខឹងនូវពាក្យជេរប្រមាថមកលើខ្លួន ជនសង្ស័យក៏ដើរទៅផ្ទះជនរងគ្រោះតាមការណាត់ ពេលទៅដល់ឃើញជនរងគ្រោះកាន់កន្ត្រៃដែកដងជ័រ ឃើញដូច្នេះជនសង្ស័យបានដើរត្រឡប់ទៅផ្ទះវិញយកកាំបិតផ្គាក់មកកាប់ជនរងគ្រោះ មួយកាំបិតចំក្បាលផ្នែកខាងឆ្វេងបណ្ដាលឲ្យរងរបួសដេរចំនួន ០៨ថ្នេរ។លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍គគីរធំ បានចុះទៅនាំជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសាកសួរ ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ជនរងគ្រោះពិតមែនដោយសារខឹងជនរងគ្រោះជេរប្រមាថខ្លួនសុទ្ធតែអាខ្វាក់។

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.