យុវជនម្នាក់រងរបួស ក្រោយពីត្រូវជនសង្ស័យ៣នាក់ដេញគប់និងកាប់កំហែងយកម៉ូតូពេលជិះត្រឡប់មកពីបុណ្យ ដារលានវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទីនៅផ្លូវកៅស៊ូនៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡៃ ចន្រ្ទា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានរបួសដៃឆ្វេងពីរកន្លែង ដេរចំនួន០៧ថ្នេរ)។

ចំណែកឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចបង្ហាញថា មានគ្នាចំនួន៣នាក់រួមមាន៖ 

១.ឈ្មោះ ព្រឹម គ្នីត ហៅហួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

២.ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ (មិនស្គាល់) ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (គេចខ្លួន)។

៣.ឈ្មោះ សី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិ ឃុំ (មិនស្គាល់) ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (គេចខ្លួន)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2021 ពាក់ផ្លាកលេខ កណ្តាល 1AM-6730 លេខម៉ាសុីនND125ME6031498 លេខតួND125M6031498 (ជារបស់ជនរងគ្រោះ)។ 

២.ម៉ូតូម៉ាក Honda Dream C125 ពណ៌ក្រហម ផលិតឆ្នាំ2022 ម៉ាសុីនND125ME-6375485 ផ្លាកលេខគ្មាន ជារបស់ជនសង្ស័យ។

៣.កាំបិតប៉័ងតោ ០១ (ធ្វើសកម្មភាពកាប់)។

៤.អាវុធកែច្នៃ(ដាវ) ចំនួន ០៣ដើម ពូថៅដងឈើ ចំនួន០១ដើម កូនកាំបិតតូចចុងស្រួច ០១ដើម។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ ០១គ្រឿងជាមួយមិត្តភក្ដិម្នាក់ ដោយរួមដំណើរជាមួយមិត្តភក្ដិផ្សេងទៀត ចេញពីបុណ្យដាលានភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ។ លុះដល់ផ្លូវរថភ្លើងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  ស្រាប់តែជួបបក្ខពួកជនសង្ស័យជិះម៉ូតូ០២គ្រឿង បញ្ច្រាសទិសគ្នាហួសបន្តិច ជនសង្ស័យក៏ត្រឡប់ក្រោយជិះដេញតាមជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ព្រឹម គ្នីត ហៅហួរ ស្រែកសួរថាឯងពួកណា ពេលនោះក៏យកដបស្រាគប់ទៅលើជនរងគ្រោះ បន្ទាប់មកក៏យកកាំបិតប៉័ងតោ ដេញតាមកាប់ទៅលើជនរងគ្រោះចំនួន ០២កាំបិត បណ្តាលឱ្យរងរបួសដៃឆ្វេង ហើយនៅតែបន្តជិះម៉ូតូដេញតាមទៀត ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះនិងមិត្តភក្តិ ក៏បានផ្តួលម៉ូតូរួចរត់គេចខ្លួន ភ្លាមនោះបក្ខពួកជនសង្ស័យ ឈ្មោះ សីហា បានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅតែម្តង។ ក្រោយមកជនរងគ្រោះក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារ ដើម្បីរាយការណ៍ទៅឲ្យសមត្ថកិច្ច  ហេីយចុះដល់កន្លែងកេីតហេតុភ្លាមៗ  តែជនសង្ស័យបានគេចខ្លួនអស់ ។

លុះព្រឹកឡើងថ្ងៃទី១៩ ខែ ឆ្នាំដដែល ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះហើយ កម្លាំងប៉ុស្ដិ៍ បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ និងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក ចុះស្រាវជ្រាវ ស៊េីបអង្កេតទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខ្លួននិងបក្ខពួកបានដេញកាប់ និងវាយយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយម៉ូតូជនរងគ្រោះត្រូវបានឈ្មោះ សីហា និងឈ្មោះ សី ជាអ្នកយកទៅលក់។

ក្រោយមក សមត្ថកិច្ចបានរកឃើញម៉ូតូរបស់ជនរងគ្រោះនៅខណ្ឌសែនសុខ ។ក្រោយមកសមត្ថកិច្ចស្រុក អង្គស្នួលបានទៅទទួលយកម៉ូតូពីសមត្ថកិច្ចខណ្ឌសែនសុខ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។

ចំពោះ ជនសង្ស័យ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល  ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.