មានជម្លោះក្នុងវង់ផឹកស៊ីមួយបានកើតឡើងរហូតដល់មានការគប់ចានធ្វើឲ្យបុរសម្នាក់ រងរបួសធ្ងន់នៅភូមិកាំងតេជោ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

រហូតមកដល់ថ្ងៃទី២៧ ខែដដែលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានរៀបចំ សំណុំបែបបទ ឡើងទៅ ស្នងការនគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធី តាមប្រមាញ់ជនដៃដល់ យកមកទទួលខុសត្រូវនៅចំពោះមុខច្បាប់ បន្ទាប់ពីបុរសរូបនេះបានបង្ក អំពើហិង្សាក្នុងគ្រួសារ រួចហើយរត់គេចខ្លួន។

លោកវរសេនីយ៍ទោសែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ឲ្យដឹងថា៖ សមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនជនដៃដល់ ឈ្មោះ ទូច សារុន ភេទប្រុស  អាយុ២៨  ឆ្នាំនៅភូមិកាំងតេជោ ឃុំថាឡា  ស្រុកថាឡាបរិវ៉ាត់ យកមក ធ្វើការអប់រំ ក្រោយពីជននេះ បានប្រព្រឹត្តអំពើហិង្សា នៅក្នុងគ្រួសារ កាលពីយប់ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២១។       

បើតាមសមត្ថកិច្ច ករណីហិង្សានេះ កើតឡើងបន្ទាប់ពីមានការស៊ីផឹករហូតដល់មានជម្លោះ កើតឡើងនៅក្នុងគ្រួសារមួយ។ ពេលនោះ ជនសង្ស័យឈ្មោះ ទូច សារុន  បានយកចានបាយ (ចានថ្ម) គប់ទៅលើឈ្មោះ ទូច ពាន់ ភេទប្រុសអាយុ ៣៨ឆ្នាំជាបងបង្កើត បង្កជារបួសស្នាម យ៉ាងធ្ងន់ធ្ងរ ។

ជនរងគ្រោះ ជាបងបង្កើត

ក្រោយកើតករណីជម្លោះក្នុងគ្រួសារនេះ កម្លាំងនគរបាលអធិការស្រុក បានចុះទៅដល់ទីតាំងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះឲ្យរួចជីវិត ពីគ្រោះថ្នាក់។

ពលរដ្ឋនៅក្នុងភូមិអះអាងថា ក្រុមគ្រួសារមួយនេះ កើតមានជម្លោះក្នុងគ្រួសារ បង្កអំពើហិង្សា វ៉ៃកាប់ចាក់បងប្អូនឯងជាញឹកញាប់។ ពលរដ្ឋស្នើឱ្យ សមត្ថកិច្ចនគរបាល អនុវត្តនូវនីតិវិធីឲ្យបានម៉ឺងម៉ាត់ ពិសេសជាងនេះ ត្រូវធ្វើការអប់រំ និងតម្រូវឱ្យធ្វើកិច្ចសន្យាត្រឹមត្រូវដើម្បី ជៀសវាងកុំឱ្យ បង្កអំពើហិង្សាក្នុងគ្រួសារទៅថ្ងៃក្រោយទៀត ធ្វើឲ្យប៉ះពាល់ដល់ គោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

Share.