ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ក្រោយពីឆក់ទូរស័ព្ទដៃអ្នកដំណើរតាមផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០  ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០:១០នាទីនៅ ផ្លូវបេតុងលេខ៤២  មុខរោងចក្រតុងឆាយ  ភូមិព្រៃបឹង  ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ  ជា  លីហួរ  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបូរីលីរ៉ានី  ផ្ទះលេខ១០  ផ្លូវលេខ០២ ភូមិត្រពាំងក្រសាំង  សង្កាត់បឹងធំ ខណ្ឌកំបូល  រាធានីភ្នំពេញ។ 

ចំណែកជនសង្ស័យមានគ្នា២នាក់រួមមាន៖១.ឈ្មោះ ទន ឈូក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកបើកម៉ូតូនិងឆក់)។២.ឈ្មោះ យ៉ា រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកជិះក្រោយ)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូឌុបប្រពន្ធចេញពីផ្សារ ទំនើបអុីអន  រាធានីភ្នំពេញ ឆ្ពោះទៅផ្ទះរបស់ខ្លួននៅបូរីលីរ៉ានី ។ ពេលធ្វើដំណើរហួសសាលាមត្តេយ្យ អ៊ុក ច័ន្ទ ភូមិត្នោតម្តើម ឃុំបែកចាន បន្តិចជនរងគ្រោះបានឃេីញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក និច  ពណ៌ស កំពុងធ្វើដំណើរនៅខាងមុខ (ទិសដៅស្របគ្នា ) ហេីយជនរងគ្រោះក៏បានបើកម៉ូតូវ៉ាទៅមុន។ លុះដល់ចំណុចកេីតហេតុខាងលេីជនសង្សយ័ទាំង ០២នាក់ ក៏បានជិះម៉ូតូដេញតាមក្រោយ រួចជិះអែបជាមួយម៉ូតូ ជនរងគ្រោះភ្លាមនោះជនសង្ស័យដែល ជាអ្នកបើកម៉ូតូ បានលូកដៃឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះដែលកំពុងកាន់ជាប់ដៃតែមិនបានសម្រេច។ ភ្លាមៗនោះ ជនសង្ស័យទាំង ០២នាក់ ក៏បានជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូង ហេីយជនរងគ្រោះក៏បានដេញតាមពីក្រោយរហូតដល់  សង្កាត់បឹងធំ  ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបកម្លាំងប្រជាការពារហើយបានប្រាប់អំពីភិនភាគជនសង្ស័យទាំង ០២នាក់  រួចកម្លាំងប្រជាការពារបានបោះដៃតាមប្រព័ន្ធអាយកូម រាយការណ៍ជូនកម្លាំងប៉ុស្តិ៍សង្កាត់បឹងធំឱ្យជួយនិង បានទូរសព្ទទៅកម្លាំងប៉ុស្តិ៍ដើមឫស ស្រុកកណ្តាលស្ទឹង ទេីបបានស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  តែម្តង ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានផ្តល់ព័ត៌មានមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដេីម្បីប្រគល់ទទួលជនសង្ស័យ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទៅទទួលយកជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង ពីកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

-តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ ថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន តែពុំបានសម្រេច។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.