សិល្បៈ​​ជាតិ​​៖​ នៅ​ល្ងាច​ថ្ងៃទី​ 21​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៣​នេះ​ ស្ថា​នី​យ​​​ទូរ​ទស្ស​ន៍​​កង​​យោធពល​​ខេ​មរភូមិន្ទ​​ប៉ុស្ដិ៍​​លេខ ​ឬ​ TV5​ បាន​រៀប​ចំ​កម្មវិធី​ STAFF​ PARTY​ ដែល​ជា​កម្មវិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ​ បង្កភាព​សប្បាយ​រីករាយ​សម្រាប់​ថ្នាក់​ដឹកនាំ​ និង​បុគ្គលិក​ ហើយ​ក៏​ដូច​ជា​ការ​រីត​​ចំណង​មេត្រី​ភាព​ជា​មួយ​ តារា​សិល្បៈ​ និង​អ្នក​សារព័ត៌មាន​នានា​។​

នា​ក្នុង​ឱកាស​ដ៏​សោមនស្ស​រីករាយ​នេះ​ លោក​ជំទាវ​ រស់​ ឡុង​ម៉ាឡែន​ ប្រធាន​ផ្នែក​ទី​ផ្សារ​និង​លក់​ប្រចាំស្ថា​នី​យ​​ទូរ​ទស្ស​ន៍​ប៉ុស្ដិ៍​លេខ​ ៥​ បាន​បង្ហើប​ថា​ នៅ​ក្នុង​កម្មវិធី​ STAFF​ PARTY​ គឺ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​។​ ដោយ​ឡែក​នា​ឆ្នាំ​នេះ​ មាន​ភ្ញៀវ​ប្រមាណ​ ៣៥០​នាក់​ចូល​រួម​ និង​មាន​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ​។​ ក្នុង​នោះ​ដែរ​ ក៏​មាន​កម្មវិធី​បង្ហាញ​ម៉ូដ​ពី​ក្រុម​ Mister​ Friendship​ Cambodia​ ដោយ​ Top​5​ ទាំង​ ៥​ រូប​ ដែល​មាន​ការ​ឧបត្ថម្ភ​ម៉ូដ​សំលៀក​បំពាក់​ពី​ហាង​ ចៅឃុន​ លំដាប់​អភិជន​ក្នុង​ប្រទេស​ថៃ ​និង​រាជ​ធានី​ភ្នំពេញ​។​   

យ៉ាង​ណា​មិញ​ លោក​ជំទាវ​ រស់​ ឡុង​ម៉ាឡែន​ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ស្ថា​នី​យ​​ទូរ​ទស្ស​ន៍ប៉ុស្ដិ៍​លេខ​ ៥​ តែង​តែ​បម្រើ​អារម្មណ៍​ទស្សនិកជន​តាម​រយៈ​កម្មវិធី​ភាពយន្ត​ រឿង​ភាគ​ខ្មែរ​-​បរទេស​ និង​កម្មវិធី​កីឡា​ផ្សេង​ៗ​។​ ក៏​ប៉ុន្តែ​ នា​ដើម​ឆ្នាំ​ ២០២៣​នេះ​ ស្ថានីយ​បាន​បង្កើន​ការ​ផលិត​កម្មវិធី​កម្សាន្ត​ជា​ច្រើន​កម្មវិធី​ទៀត​ សម្រាប់​បំពេញ​តម្រូវ​ការ​ទីផ្សារ​ផង​ និង​បំពេញ​ចិត្ត​មហាជន​ផង​ ដូច​ជា​កម្មវិធី​ កម្សាន្ត​ កីឡា​ កំប្លែង​ចៅ​លោកតា​ Concert​ និង​កម្មវិធី​អាហារ​ជា​ដើម​។​

លោក​ជំទាវ​លើក​ឡើង​ថា​ ការ​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​កំប្លែង​លោក​ តាវ៉ិចទ័រ​ និង​ Nine​ Colors​ Production ​គឺ​បាន​បង្កើត​កម្មវិធី​ថ្មី​ៗ​ជា​ច្រើន​សម្រាប់​ប៉ុស្តិ៍​លេខ​ ៥​ ផ្ទាល់​។​ ជាក់​ស្ដែង​ថ្មី​ៗ​នោះ ​នឹង​មាន​ការ​ផលិតកម្ម​វិធី​បែប​ដំណើរ​ផ្សងព្រេង​ ឬ ​Adventure​ ដែល​រំលេច​ពី​តំបន់​សំខាន់​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូម​ជម្រាប​ថា​ លោក​ជំទាវ​ រស់​ ឡុងម៉ាឡែន​ បាន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថា​នី​យ​​ទូរ​ទស្ស​ន៍​កង​យោធពល​ខេ​មរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ អស់​រយៈ​ពេល​ជាង​ ២០​ ឆ្នាំ​មក​ហើយ​ ដោយ​លោក​ជំទាវ​ចាប់​ផ្ដើម​ការ​ជា​ដំបូង​ជា​ ជំនួយ​ការ​របស់​ MD​ បន្ទាប់​មក​ក៏​ចូល​មក​កាន់​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ ហើយ​ក្រោយ​មក​ទៀត​ក៏​ក្លាយ​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ទី​ផ្សារ​ និង​លក់​ប្រចាំ​ស្ថានីយ​ប៉ុស្តិ៍​លេខ​ ៥​។​ ប្រវត្តិ​តស៊ូ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ជំទាវ​៣​ បាន​រំលេច​ឡើង​នូវ​គំរូ​ល្អ​មួយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​គួរ​តែ​សិក្សា​រៀន​សូត្រ​បន្ត​៕

Share.