វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាបានបញ្ជាទិញ បានមកដល់ប្រទេសកម្ពុជាហើយ នៅឯព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ២០២១។

 រូបភាពតំណាង៖ ទិដ្ឋភាពនៃការដឹកវ៉ាក់សាំងចិន មកដល់កម្ពុជា នាពេលកន្លងមក

ប្រសើនបើមិនមានអ្វីប្រែប្រួលទេនោះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ ខណៈដែលនៅខែកក្កដាខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង ជាបន្តបន្ទាប់រហូតដល់៩លានដូស។ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល។

គិតរហូតមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤លាននាក់ដែលស្មើនឹងជិត ៤០ភាគរយនៃផែនការដែល បានកំណត់។

ការមកដល់លឿន នៃវ៉ាក់សាំងជាងការព្យាករណ៍នេះ នាំឲ្យរដ្ឋាភិបាលមានក្តីរំពឹងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចរួចរាល់ក្នុងអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២១នេះ៕

Share.