មិន​ថា​ទីកន្លែង​ណា​ រមែង​មាន​រឿង​តំណាល​និង​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​ទាំង​អស់​ មិន​លើក​លែង​សូម្បី​តែ​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​សមាជិក​អាស៊ាន ប្រទេស​ដែល​ជា​ទីតាំង​ទេសចរណ៍​មួយ​សម្រាប់​ទេសចរណ៍​ខ្មែរ​និយម​ទៅលេង​កម្សាន្ត​​ផ្គួប​គ្នា​ជាមួយ​នឹង​ប្រទេស​សិង្ហបុរី​។ ជា​ទូទៅ​ប្រទេស​ម៉ាឡេស​មិន​សូវ​ជា​មាន​រឿង​ខ្មោច​លង​សាហាវៗ​គួរ​ឱ្យ​ខ្លាច​លេចឮមក​ខាង​ក្រៅ​នោះ​ទេ​ ប៉ុន្តែ​ការពិត​មាន​កន្លែង​ដែល​គួរ​ឱ្យ​ខ្លាច​មិន​ចាញ់​ប្រទេសដែល​មាន​តំណាល​រឿង​ខ្មោច​លង​សាហាវៗ​ប៉ុន្មាន​ទេ។

១.​Genting Highlands Resort

ទីនេះ​គឺជា​សណ្ឋាគារ​ដ៏​មាន​ឈ្មោះ​ល្បី​ល្បាញ​បំផុត​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ ដែល​អ្នក​ទេសចរណ៍​ត្រូវ​ជិះកន្ត្រក​យោង​ឡើង​ទៅ​លើ​។ នៅ​ខាង​លើ​នោះ​មាន​សណ្ឋាគារ​សរុប​រួម​គ្នា​ច្រើន​ជាង​៧​កន្លែង​ ផ្សារទំនើប​ សួនកម្សាន្ត​ និង​កាស៊ីណូ​ជាដើម។​ ស្ដាប់​រឿង​ភ្លាម​លោក​អ្នក​ប្រាកដ​ជា​គិត​ថា​ទីនេះ​​គឺជា​ទឹកដី​ផ្ដល់​​ក្ដី​សុខ​ជា​ទីសម្រាក់​សម្រាប់​អ្នក​ចង់​លម្ហែកាយ​។ មាន​កន្លែង​សប្បាយ​ចាំ​បាច់​ត្រូវ​តែ​មាន​ពិបាក​ មាន​តំណាល​ថា​ទីនេះ​ជា​កន្លែង​មាន​ខ្មោច​លង​ព្រោះ​ធ្លាប់​មាន​អ្នក​សម្លាប់​ខ្លួន​ដោយ​សារ​លេង​ល្បែង​ចាញ់​អស់​ពី​ខ្លួន​។ នៅ​ក្នុង​សណ្ឋាគារ​នេះ​មាន​កន្លែង​មួយ​ចំនួន​ធំ​ដែល​នៅ​សុខ​ៗ​ក្មេង​ៗ​ស្រាប់​យំ​ហើយ​មិន​ព្រម​ដើរ​ឆ្លង​កាត់​ដោយ​មិន​ដឹង​មូលហេតុ​។ មិន​តែ​ប៉ុណ្ណោះ​មាន​ភ្ញៀវ​ជា​ច្រើន​នាក់​ធំ​ក្លិន​ធូប​ទាំង​មិន​​មាន​ការ​អុជ​ធូប​​ទាល់​តែ​សោះ​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បន្ទប់​គេង​មួយ​ចំនួន​របស់​សណ្ឋាគារ​មិន​បាន​បើក​ឱ្យ​ភ្ញៀវ​​បាន​កក់​ដើម្បី​មក​សម្រាក​នោះ​ឡើយ​ ទោះ​ជា​នៅ​ក្នុង​រដូវកាល​ High Season ក៏​ដោយ​​ជា​ពិសេស​នៅ​ជាន់​ទី​២១​ដែល​ឮ​តៗ​គ្នា​មក​ថា​ជា​ជាប់​បណ្ដាសា​​​សូម្បី​តែ​ជណ្ដើរ​យន្ត​ក៏​ដាក់​មិន​ឱ្យ​ឈប់​នៅ​ជាន់​ទី​២១​នេះ​ដែរ​​​ ពោល​គឺ​ឡើង​ពី​ជាន់​ទី​២០​ ទៅ​ជាន់​ទី​២២​តែ​ម្ដង​។

២.Ghost Hill, Penang

ទីនេះ​គឺជា​ទី​តាំង​ប៉ម​ទាហាន​ដែល​កសាង​ឡើង​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ ដែល​ទី​នេះ​ទាហាន​ជប៉ុន​ប្រើ​ប្រាស់​សម្រាប់​ជា​កន្លែង​ប្រហារ​ជីវិត​អ្នក​ទោស​ដោយ​កាត់​ក្បាល​។ បច្ចុប្បន្ន​តំបន់​ជុំវិញ​កន្លែង​នេះ​ត្រូវ​បាន​រៀបចំ​ឱ្យ​កន្លែង​ជា​សារៈមន្ទីរ​ Penang War Museum ឬ​ សារៈ​មន្ទីរ​សង្គ្រាម​ Penang ដែល​នៅប្រើ​ប្រាស់​សម្រាប់​រក្សា​ទុក​អាវុធ​កាំភ្លើង​ កាំភ្លើង​ធំ​។ល។ ដោយ​រក្សា​តុក​នៅ​សភាព​ដើម​។ គេ​និយាយ​ថា​ទីនេះ​មិន​បាន​គួរ​ឱ្យ​ខ្លាច​ដោយ​សារ​តែ​រឿង​ខ្មោច​នោះ​ទេ​ តែ​គួរ​ឱ្យ​ខ្លាច​ព្រោះ​ប្រវត្តិ​របស់​វា​ទៅវិញ​នោះ​ទេ​។​​

៣.Highland Towers

អគារ​នេះ​បាក់​ធ្លាក់​សង្កត់​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន​នាក់​កាល​ពី​ឆ្នាំ​១១៩៣​ ចំណែក​​ឯ​បំណែក​អគារ​ដែល​នៅ​សល់​ត្រូវ​ទុក​ចោល​។ រឿង​ខ្មោច​ដែល​ធ្លាប់​និយាយ​តៗ​គ្នា​មក​ពាក់​ព័ន្ធ​នឹង​កន្លែង​នេះ​គឺ​មាន​អ្នក​បើក​តាក់ស៊ី​ម្នាក់​បាន​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​ពាក់​កណ្ដាល​យប់​។​ ភ្ញៀវ​ជា​ស្ត្រី​នោះ​អង្វរ​ឱ្យ​អ្នក​បើក​តាក់ស៊ី​ដឹក​នាង​មក​កន្លែង​​នេះ​ នៅពេល​ដែល​តាក់ស៊ីសួរ​ថា​​តើ​នាង​ទៅទីនោះ​ធ្វើ​អី​ ទីនោះ​មាន​តែ​អគារ​ដែល​បោះបង់​ចោល​ នាង​ឆ្លើយ​តប​យ៉ាង​ខ្លី​វិញ​ថា​ បំណែក​ដៃ​ជើង​របស់​នាង​នៅ​សល់​នៅ​ទីនោះ​នៅ​ឡើយ​។

៤.Kuala Lumpur International Airport

អ្នក​ណា​ទៅ​គិត​ថា​ពួក​យើង​អាច​នឹង​ជួប​ខ្មោច​តាំង​តែ​ចុះ​យន្តហោះ​មក​ដល់​ប្រទេស​ម៉ាឡេស៊ី? ​អាកាស​យានដ្ឋាន​អន្តរជាតិ ​កូឡាំពួរ​សាងសង់​នៅ​លើ​ផ្ទៃដី​ដែល​ជា​ចំការ​ដាំ​ដើម​រកាំ​ពីមុន​មក​។ នៅ​ពាក់​កណ្ដាល​យប់​បុគ្គលិក​ព្រលាន​យន្តហោះរមែង​មើល​ឃើញ​និង​បាន​ឮ​អ្វី​ចម្លែកៗ​ជា​ញឹកញាប់​ ថែម​ទាំង​ធ្លាប់​មាន​អាកាសយាននិក​និង​ភ្នាក់ងារ​សន្ដិសុខ​ធ្លាប់​ត្រូវ​ខ្មោច​ចូល​សណ្ឋិត​ថែម​ទៀត​ផង​។​​​​​

៥.Pudu Jail

គុក​ដាក់​អ្នក​ទោស​ដែល​កសាង​ឡើង​តាំង​តែ​សម័យ​អង់គ្លេស​ដាក់​អាណានិគម​ រហូត​ដល់​សង្គ្រាម​លោក​លើក​ទីពីរ​ ក៏​ប្រើប្រាស់​ជា​កន្លែង​ឃុំឃាំង​អ្នក​ទោស​និង​ឈ្លើយ​សឹក​ប្រមាណ​ជាង​២០០០​នាក់​។ សព្វ​ថ្ងៃ​នេះ​នៅ​មាន​មនុស្ស​បាន​ឮ​សំឡេង​ស្រែក​យំ​ស្រណោះ​ស្រណោក​ដោយ​ក្ដី​ឈឺចាប់​ពី​ក្នុង​កន្លង​ប្រហារ​ជីវិត​ ទាំង​ដែល​មិនមាន​មនុស្ស​រស់​នៅ​។ បរិយាកាស​នៅ​កន្លែង​នោះ​ស្ងាត់​ជ្រងំ​គួរ​ឱ្យ​ខ្លាច​ ថែម​ទាំង​នៅ​ក្នុង​បន្ទប់​មាន​អាកាសធាតុ​ត្រជាក់​ខុស​ប្រក្រតី​ផង​ដែរ​។ បច្ចុប្បន្ន​គុក​ឃុំឃាំង​អ្នក​ទោស​នេះ​ត្រូវ​បាន​បិទ​ទ្វារ​លែង​​ដំណើរ​ការ​ ហើយ​ស្ទើ​តែ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​កាល​ពី​ឆ្នាំ​២០០៩​ ដើម្បី​សាងសង់​ជា​ផ្សារ​ទំនើប​ ដោយ​មនុស្ស​គ្រប់​គ្នា​បាន​ត្រឹម​តែ​សង្ឃឹម​ថា​អគារ​ថ្មី​នេះ​មិន​មាន​វិញ្ញាណ​​នៅ​ស្ថិត​ផង​ចុះ​

​​​៦. Kellie’s Castle, Perak

ប្រាសាទ​ចាស់​បុរាណ​រចនា​បទ​អឺរ៉ុប​ដែល​ជា​អតីត​កន្លែង​ស្នាក់​នៅ​របស់​ជនជាតិអេកូស​ ចាប់​ផ្ដើម​កសាង​ឡើង​នៅ​ឆ្នាំ​១៩១៥​ តែ​នៅ​មិន​ទាន់​សាងសង់​រួច​រាល់​ ស្រាប់​តែ​ម្ចាស់​បាន​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​១៩២៦​ ដូច្នេះ​​ហើយ​ការ​សាង​សង់​ត្រូវ​​បាន​ចាប់​គាំង​។ ផ្ទៃ​ខាង​ក្នុង​ប្រាសាទ​ត្រូវ​បាន​កសាង​ឡើង​យ៉ាង​ស្មុគស្មាញ​ មាន​បន្ទប់​និង​ផ្លូវ​ដើរ​អាថ៌កំបាំង​ជា​ច្រើន​ ប្រៀប​ដូច​ផ្ទះ​ខ្មោច​សណ្ឋិត​ វីនឆេសស្ទឺរ នៅ​សហរដ្ឋ​អាមេរិក​។ នៅ​រាល់​ពេល​យប់​មនុស្ស​ជា​ច្រើន​រមែង​បាន​​ឮ​សំឡេង​ស្រែក​និង​សំឡេង​ទ្វារ​បង្អួច​បិទ​ឮខ្លាំង​ៗ​ទាំង​ដែល​ទី​នោះ​មិនមាន​មនុស្ស​រស់​នៅ​ទាល់តែ​សោះ​។​

៧. Karak Highway 

នេះ​គឺជា​មហាវិថី​ដែល​គួរ​ឱ្យ​ខ្លាច​ជា​ទីបំផុត​មួយ​របស់​ពិភពលោក​។ ផ្លូវ​កាត់​លេខ​ E8 ឬ​មាន​ឈ្មោះ​មាន​ទៀត​ថា​ Karak Highway។ ផ្លូវ​នេះ​បើក​ឱ្យ​ដំណើរ​ការ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ​១៩៧៧​ ត​ភ្ជាប់​គ្នា​រវាង​ក្រុង​ Kualam Lumpur រហូត​ដល់​ក្រុង​ Karak Pehang។ កាល​ពី​ឆ្នាំ​១៩៩០ មាន​កើត​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដោយ​មាន​រថយន្ត​ជាង​១០​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ មាន​មនុស្ស​ស្លាប់​ជាង​១៧​នាក់​។​​ចំណែក​រឿង​ខ្មោច​លង​សាហាវៗ​ នៅ​ទីនេះ​ផ្ដល់​នូវ​អារម្មណ៍​ប្លែកៗ​ ជាង​គួរ​ឱ្យ​ភ័យ​ខ្លាច​ នោះ​គឺ​ប្រវត្តិ​រថយន្តវ៉ុលវ៉ាហ្គេន​រាង​អណ្តើក​ពណ៌​លឿង​ ដែល​សុខ​ៗ​ស្រាប់​តែ​បង្ហាញ​ខ្លួន​នៅ​ពីមុខ​​អ្នក​បើកបរ​លើ​ដង​វិថី​នេះ​ ហើយ​នៅពេល​ដែល​អ្នក​បើកបរ​វ៉ារថយន្តនោះ​បាន​ ស្រាប់​តែ​ឃើញ​វា​បើក​មក​ពីមុខ​រថយន្ត​របស់​អ្នក​បើកបរ​វិញ​ម្ដង​ទៀត​ ហើយ​នៅ​ពេល​ដែល​បើកបរ​វ៉ា​វា​ក្រឡេក​ទៅ​មើល​ក្នុង​ឡាន​បែរ​ជា​មិនមាន​អ្នក​បើកបរ​នៅ​ក្នុង​នោះ​។

Share.