ការរៀបចំប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិ គឺដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ ដោយ​សារឆ្នាំ២០២១-២០២៣នេះ ក្រសួង​បាន​ច្របាច់​បញ្ចូល​គ្នារវាងក្រុមកីឡាថ្នាល និង​ក្រុម​កីឡា​ជម្រើសជាតិឈាន​ទៅ​សម្រិត​សម្រាំង​ជ្រើស​រើស​កីឡាករ​ជម្រើសជាតិសរុប ៩៣៨នាក់ (កីឡាការិនី ៣៤៦នាក់) និងគ្រូបង្វឹក ១៧៦នាក់ ដែល​មាន​គុណ​ផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន៥២នាក់។ នេះជា​ការ​លើកឡើង​របស់​លោក ប៉ុន សុខ ប្រធាន​មជ្ឈម​ណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡា ក្នុង​ពិធីសំណេះសំណាល និង ​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣

​លោក ប៉ុន សុខ បាន​បញ្ជាក់ថា៖ «ក្រុមជម្រើសជាតិ ត្រូវបានរៀបចំឱ្យមានការហាត់ហ្វឹកហ្វឺន ក្នុង​ប្រទេសដូចជា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ មាន៩ប្រភេទកីឡា ស្មើនឹង១៦២វិញ្ញាសា និង​មានកីឡាករ កីឡាកាវិនីសរុប ១៦១ នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ០៨ នាក់ ចំណែក​នៅ​ក្នុង​ពហុកីឡដ្ឋានជាតិអូឡាំពិក មាន១៧ប្រភេទកីឡា ស្មើនឹង២៣០វិញ្ញាសា ហើយមានកីឡាករ កីឡា​ការិនី​សរុប ៣០៩នាក់ គូ បង្វឹក ៦២នាក់ និងអនុរក្ស ១៧នាក់។ ចំពោះ​នៅ​តាម​សហព័ន្ធ​កីឡា​ជាតិ​វិញ មាន១៤ប្រភេទកីឡា ស្មើនឹង១៨៦វិញ្ញាសា និងមានកីឡាករ កីឡាការិនីសរុប ២៨៣នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៤នាក់»។

ដោយឡែក សម្រាប់ការហាត់ហ្វឹកហ្វឺន នៅក្រៅប្រទេស មានកីឡាករ កីឡាការិនីសរុប ២២៦នាក់ ត្រូវ​បានបញ្ជូនឱ្យធ្វើការហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ដូចជា នៅសាធារណរដ្ឋប្រជាមានិតចិន មាន​១២ប្រភេទកីឡា ស្មើនឹង៧៨វិញ្ញាសា ដោយមានកីឡាករ កីឡាកាវិនីសរុប ១៤១នាក់ និង​គ្រូប​ង្វឹក​ចំនួន ១៣នាក់ គឺហាត់ហ្វឹកហ្វឺនរយៈពេល ០៤ខែ។ រីឯនៅសហរដ្ឋអាមេរិក មាន៦ប្រភេទកីឡា ដូចជា ជីជីតស៊ូ តេក្វាន់ដូ WT បាល់បោះ ហែលទឹកវាយ កូនបាល់ និងវាយកូនឃ្លីលើតុ មាន​១៣វិញ្ញាសា កីឡាករ កីឡាការិនីសរុប ២៦នាក់ និងគ្រូបង្វឹក ០៤នាក់ ហាត់​ហ្វឹក​ហ្វឺន​រយៈ​ពេល​០៤ខែ។

ចំពោះនៅប្រទេសបារាំងវិញ មាន២ប្រភេទ គឺកីឡាតេក្វាន់ដូ WT និងទ្រីយ៉ាត្លុង មាន០៣វិញ្ញាសា កីឡាករសរុប ០៣នាក់ ហាត់ហ្វឹកហ្វឺនរយៈពេល ០៤ខែ និងនៅបណ្តាប្រទេសអាស៊ី រួមមាន ប្រទេសវៀតណាម ប្រទេសថៃ មីយ៉ាន់ម៉ា ប្រទេសអ៊ូបេគីស្ថាន ប្រទេសកាណាដា និងប្រទេសកូរ៉េខាងត្បូងជាដើម ដោយមាន៦៤វិញ្ញាសា កីឡាករកីឡាកាវិនីសរុប ៨៧នាក់ និងគ្រូបង្វឹក១៤នាក់ ហាត់ហ្វឹកហ្វឺនរយៈពេល០៤ខែ។

យ៉ាងណាមិញ សម្រាប់ការហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជនពិការជាតិ សម្រាប់​ចូល​រួម​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គឺក្រសួងអប់រំ យុវជន និងកីឡា បាន​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីជនពិការ និង​ប្រមូល​ផ្តុំហាត់​ហ្វឹកហ្វឺនរយៈពេល៥ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា មានចំនួន ១៣ប្រភេទកីឡា ស្មើនឹង១០១វិញ្ញាសា និងមានកីឡាករកីឡាការិនីសរុប ១៦៥នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ១៦នាក់ ហើយត្រូវបានរៀបចំឱ្យហាត់ហ្វឹកហ្វឺននៅមជ្ឈមណ្ឌលជាតិនជនពិការតេជោសែន។

រៀបចំពិធីសំណេះសំណាល និង ​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ពហុកី​ឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាការ​​បង្ហាញការយកចិត្តទុកដាក់ និង​លើក​ទឹក​ចិត្តដល់ក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រជែងមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ នៅកម្ពុជា៕

Share.