សិល្បៈជាតិ៖ បទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ត្រូវបានបកស្រាយដោយអ្នកស្រី មីណាមីណុ យ៉ូកុ (Minamino Yoko) ដែលតារាចម្រៀងល្បីល្បាញមួយរូបប្រចាំប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងបទចម្រៀងនេះ អ្នកស្រីបានបង្ហាញទិដ្ឋភាពនៃអតីតកាលប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៩ កាលដែលអ្នកស្រីបានធ្វើដំណើរមកកម្ពុជាលើកដំបូង។

ទស្សនកិច្ចរបស់តារាចម្រៀងស្រីរូបនេះមកកាន់ព្រះរាជាណាចក្រកម្ពុជាគឺមានចំនួន ២ លើកគឺនៅឆ្នាំ ១៩៨៩ និង ឆ្នាំ២០១៣ ហើយអ្នកស្រីនិពន្ធបទនេះឡើង គឺចេញពីបេះដូងដ៏ស្រស់ស្អាត រំលឹកដល់ពេលវេលាដែលអ្នកស្រីបានជួបជាមួយកុមារា កុមារី ជាក្មេងកំព្រា។ អត្ថន័យបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និង ត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី ៧០នេះ។

ក្នុងនាមជាអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន តារាចម្រៀងស្រី Minamino Yoko បានប្រគល់បទចម្រៀងមួយនេះជូនទុកក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយអ្នកស្រីបានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចម្រៀងនេះ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឯកឧត្តម ហាយ៉ាស៊ី យ៉ុស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុនបានប្រកាសតែងតាំងលោកស្រី មីណាមីណុ យ៉ូកុ ដែលជាតារាចម្រៀង និងសម្ដែង ជាអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជាបន្ថែមទៀតផងដែរ៕
