សិល្បៈ​ជាតិ​៖​ គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​នេះ​ វីដេអូ​លោក​ ករុណា​ ពេជ្រ​ លុត​ជង្គង់​សំពះ​តារា​រៀម​ច្បង​ ម៉េង​ កែវពេជ្ជតា​ ពេល​ច្រៀង​រួម​គ្នា​ក្នុង​កម្មវិធី​ The​ Wall​ Song​ Cambodia​ បាន​កន្លង​ទៅ​មួយ​សប្ដាហ៍​ហើយ​ ក៏​ប៉ុន្តែ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​តែ​បន្ត​សរសើរ​ពី​តារាចម្រៀង​ប្រុស​រូប​នេះ​មិន​ដាច់​ពី​មាត់​។​

អារម្មណ៍​ពិត​របស់​លោក​ ករុណា​ ពេជ្រ​ បាន​បង្ហាញ​ប្រាប់​មហាជន​ថា​ ៖​ «​និយាយ​ចេញ​ពី​ចិត្ត​ បង​ប្អូន​ អើយ​…ថត​កម្មវិធី​ The w​all song​ ចប់​ ដូច​បាន​ធ្វើ​បុណ្យ​ 7​ វត្ត​អីចឹង​..​រន្ធត់​ភ័យ​ ជាង​រុញ​ទម្លាក់​ជ្រោះ​ទៀត​..​បងស្រី​ ម៉េង​ កែវពេជ្ជតា​ កូរ​មធ្យម​ ងំ​ក្រុម​ការងារ​ថត​ និង​ អ្នក​រៀប​ចំ​កម្មវិធី​នេះ​តែ​ម្តង​ គឺ​ ធ្វើ​ស៊ី​ទាំង​អ្នក​សម​ភ្លេង​ ទាំង​កាយវិការ​ គ្រប់​ហ្មង​ និយាយ​រួម​ មក​គឺ​ ស្អប់​ ពួក​គាត់​មក​ដល់​ថ្ងៃ​នេះ​ មិន​ទាន់​បាត់​ផង​..តែ​ចុង​ក្រោយ​ មើល​ហើយ​ សើច​ខ្លួនឯង​រហូត​… កូរ​គេ​ ដល់​គេ​កូរ​វិញ​ ចង់​ខ្សោយ​បេះដូង​ គាំង​ ម៉ា​សារ​ៗ​ ហ្មង​..​»​។​

យ៉ាង​ណា​មិញ​ ម៉េង​ កែវ​ពេជ្ជតា​ ក៏​បាន​បង្ហោះ​សារ​តប​វិញ​ថា​ ៖​ «​ករុណា​ ពេជ្រ​ គាត់​ធ្វើ​ឱ្យ​រៀម​ច្បង​កោត​សរសើរ​ណាស់​នូវ​កាយវិការ​គោរព​របស់​គាត់​ចំពោះ​ខ្ញុំ​ជា​សិស្ស​ច្បង​។​ អរគុណ​កាយវិការ​ដ៏​មាន​គុណ​ធម៌​ និង​ ក្រម​សីលធម៌​ខ្ពស់​របស់​ប្អូន​។​ អរគុណ​ពិធីករ​ដ៏​ក្រមិចក្រមើម​ ប្អូន​ ប៉ែន​ ចំរុង​ អរគុណ​ប្អូន​ៗ​ទាំង​អស់​គ្នា​ដែរ​ ប្អូន​ប្រុស​ ណារ៉ា​ ប្អូនស្រី​ ស៊ឹម​ ថៃ​ណា​ ប្អូនប្រុស​ អាន​ គុណកូឡា​ ប្អូនស្រី​ អ៊ីវ៉ា​ ប្អូន​អ្នក​ទាំងអស់​គ្នា​គួរ​ឱ្យ​ស្រឡាញ់​ណាស់​»​។​

ជា​ការ​ពិត​ណាស់​ គេ​កម្រ​បាន​ឃើញ​តារា​ប្រុស​រូប​ណា​ដែល​បង្ហាញ​សកម្មភាព​ ឬ​កាយវិការ​លុត​ជង្គង់​សំពះ​តារា​រៀម​ច្បង​បែប​នេះ​នៅ​លើ​ឆាក​ក្នុង​កម្មវិធី​ទូរទស្សន៍​កន្លងមក​ទេ​។​ ការ​គោរព​ ការ​សំពះ​ គឺ​ជា​កាយវិការ​ដ៏​មាន​ក្រម​សីលធម៌​ សុជីវធម៌​ មួយ​ដែល​កូន​ខ្មែរ​គ្រប់​រូប​​តែងតែ​ប្រណិប័តន៍​ជា​ប្រចាំ​។ ដូច្នោះ​ហើយ​ យើង​អាច​ចាត់​ទុក​ថា ​នេះ​គឺ​ជា​គំរូ​ល្អ​ដែល​តារា​សិល្បៈ​ជំនាន់​ក្រោយ​គួរ​តែ​យក​ជា​គំរូ​តាម​។​

យ៉ាង​ណា​មិញ​ ក្រោយ​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​បែប​នេះ​ លោក​ ករុណា​ ពេជ្រ​ ក៏​បាន​ផ្ដាំ​ឱ្យ​អ្នកគាំទ្រ​រង់ចាំ​ជួយ​គាំទ្រ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​របស់​លោក​ដែល​មាន​ចេញ​នៅ​ក្នុង​ផលិតកម្ម​ថោន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​៕​

Share.