ទំព័រប្រតិទិនថ្មីត្រូវបានបើកជាផ្លូវការ ឆ្នាំ២០២៣ ​នៅ​ពេល​និយាយ​ពីរឿងដំបូងដែលប្រជាជន​រំឭក​ដល់មុនគេនោះ គឺ ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣២ និង​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។

បើគិត​សរុប​ចាប់​ពី​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម បាន​បង្កើតឡើង​គឺ​មាន​ប្រទេស​ចំនួន ១១​បាន​ចូល​រួម​ ដោយ​ថៃ​ជា​អ្នក​រក​បាន​មេដាយ​ច្រើន​ជាង​គេគឺ ៦ ៤៧២គ្រឿង តាម​ពី​ក្រោយ ឥណ្ឌូនេស៊ី ៥ ៥៥០គ្រឿង លេខ៣ ម៉ាឡេស៊ី ៤ ៤៣៥គ្រឿង។ ខណ:ប្រទេស​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៨​ក្នុង​តារាង​មេដាយ​សរុប​មាន ៥០៥គ្រឿង។

តារាង​មេដាយ​ប្រទេស​ទទួល​បាន​ចាប់​តាំង​ពី​ឆ្នាំដំបូង​ដល់​បច្ចុប្បន្ន៖

ព្រឹត្តិការ​ណ៍​ស៊ីហ្គេម​នេះ​ដែល ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៥៩ ជាលទ្ធផល ម្ចាស់ផ្ទះថៃ ឈរ​នៅ​លើ​គេនៃតារាងមេដាយសរុបពោលគឺ រកបានមេដាយសរុប ៧៧គ្រឿង ក្នុង​នោះ​មេដាយ​មាស ៣៥គ្រឿង, មេដាយប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ១៦គ្រឿង។ តាមពីក្រោយដោយ មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២, សិង្ហបុរី នៅលេខ៣, ម៉ាឡេស៊ី លេខ៤, វៀតណាម លេខ៥ និងឡាវ លេខ៦។

សម្រាប់​ព្រឹត្តិការ​ណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើកទី៣១ នៅ​ប្រទេស​វៀតណាម កម្ពុជា​បាន​បញ្ជូល​គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួម មានប្រតិភូកីឡាករកម្ពុជាចំនួន ៥៥០នាក់​លើ​ប្រភេទ​កីឡាចំនួន ៣៣មាន ២៩៥វិញ្ញាសា លទ្ធផលកម្ពុជាទទួលបានមេដាយសរុប ៦៣គ្រឿង មេដាយមាស៩គ្រឿង, ប្រាក់ ១៣គ្រឿង, និងសរឹទ្ធ ៤១គ្រឿង ស្ថិកក្នុងចំណាត់ថ្នាក់ទី៨។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពី ថ្ងៃ ទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើក ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.