សិល្បៈជាតិ៖ អ្នកនាង ស្រេង សុកាន់ដា ដែលមានឈ្មោះក្នុងសិល្បៈ ស្រីខ្ញុង បានចេញមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ឱ្យដឹងទៀតថា អ្នកនាងត្រូវបានក្រុមហ៊ុនរឹបអូសយកផ្ទះសំបែងដែលកំពុងរស់នៅទៅកាន់កាប់វិញ បន្ទាប់ពីអ្នកនាងអស់លទ្ធភាពក្នុងការបង់រំលស់ផ្ទះនោះជាបន្តទៀត។ គិតមកទល់ពេលនេះ បញ្ហាបំណុលវ័នកនៅតែបន្តរួមរឹតជីវិតអ្នកនាង ខ្ញុង និងបានធ្វើឱ្យអ្នកនាងឱបកូនតូចទ្រហោយំប្រកាសថា អ្នកនាងបាត់បង់អ្វីអស់រលីងពីខ្លួនសូម្បីតែ ផ្ទះសំបែង រថយន្ត គ្រួសារ ហើយនៅសល់តែជីវិត និងបំណុលប៉ុណ្ណោះ។
នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកនាង ខ្ញុង បានចេញមក Live នៅលើហ្វេសប៊ុក ដោយបញ្ជាក់ថា អ្នកនាងត្រូវការលក់ផ្ទះជាបន្ទាន់ ដែលផ្ទះនោះគឺនាងកំពុងបង់រំលស់នៅឡើយ ដើម្បីដោះស្រាយបំណុល។ អ្នកខ្ញុងថា ផ្ទះដែលធ្លាប់តែផ្ដល់សេចក្ដីសុខ និងភាពកក់ក្ដៅនេះ គឺបានមកពីការប្រឹងប្រែងតស៊ូរបស់អ្នកនាង អស់រយៈពេល ៣ ឆ្នាំមកហើយ ក៏ប៉ុន្តែអ្នកនាងនៅពេលនេះគឺគ្មានលទ្ធភាពបង់បន្ត។ អ្នកនាង ខ្ញុង បានបន្តត្អូញត្អែរពីអារម្មណ៍ពិតប្រាប់មហាជននៅថ្ងៃដដែលនោះថា ៖ «កន្លែងធ្លាប់លក់ កន្លែងធ្លាប់ជ្រក យើងធ្លាប់តស៊ូពុះពារដើម្បីឯង អស់រយៈពេលបីឆ្នាំហើយ មានទាំងសុខ នឹងទុក្ខ តែពេលនេះខ្ញុំអស់លទ្ធភាពយកឯងមកជាកម្មសិទ្ធិទៀតហើយ ពេលនេះអស់ហើយសូម្បីតែផ្ទះបង់រំលស់មួយក៏រក្សាមិនបាន សល់ត្រឹមតែជីវិតប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាបំណុល លាទាំងអាល័យ»។
យ៉ាងណាមិញ មហាជនកាន់តែខ្លោចចិត្តអាណិតអ្នកនាង ខ្ញុង ជាពន់ពេក នៅពេលដែលអ្នកនាងបង្ហោះរូបឱបកូនតូចយំឡើងហើមភ្នែកបណ្ដើរ រៀបរាប់ពីការរើផ្ទះបណ្ដើរថា៖ «ទោះពេលនេះម៉ែគ្មានអីតែម៉ែក៏សល់ជីវិតដើម្បីរស់ចិញ្ចឹមកូនណា តស៊ូជាមួយម៉ែណាកូន មានត្រឹមម៉ែម្នាក់ក៏អាចចិញ្ចឹមកូនបាន សម្ពាធផ្លូវចិត្ត បាត់បង់គ្រប់យ៉ាងសូម្បីតែគ្រួសារ តើឱ្យខ្ញុំរឹងមាំបានប៉ុណ្ណោះទៀត រាល់ថ្ងៃខ្ញុំស៊ូណាស់ ទ្រាំទាំងក្តីអាម៉ាស់ ពេលខ្លះក៏ត្រូវគេចំអក គេជាន់គេដៀល តែខ្ញុំក៏នៅតែស៊ូ..តែថ្ងៃនេះភាពរឹងមាំរបស់ខ្ញុំមិនមានទៀតទេ»។ ហើយអ្នកនាង បន្តថា «តើខ្ញុំសុំពេលវេលារើផ្ទះរៀបផ្ទះរកកន្លែងលក់ដូរឲ្យបាន 4 5 ថ្ងៃសិនបានទេ។ បើបង្ខំទាម្លឹងៗខ្ញុំស្ទើរតែផុតដង្ហើមទៅហើយ»។
លុះមកដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ អ្នកនាង ខ្ញុង បានបង្ហោះសារមួយទៀតថា ៖ «ខ្ញុំអាចនៅរឹងមាំរៀបរាប់បញ្ហាក្នុងចិត្តការលំបាករបស់ខ្ញុំឱ្យបងប្អូនដឹង ឱ្យបងប្អូនឃើញបងប្អូនគ្រាន់តែមើលហើយចោលចុះ សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តអាណិតតែអ្នកដែលមិនពេញចិត្ត កុំព្យាយាមសើចយំជាន់ពន្លិចខ្ញុំអី ព្រោះអ្នកមិនអាចមើលឃើញពីថ្ងៃស្អែកយ៉ាងណានោះឡើយ។ គ្មាននរណាម្នាក់ចង់លំបាកទេ បើថ្ងៃណាមួយលែងឃើញខ្ញុំLive លែងឃើញខ្ញុំផុសរឿងពិបាកទាំងឡាយឱ្យបងប្អូនដឹង បានន័យថា ខ្ញុំលែងរឹងមាំហើយ»។
ក្រោយពីរើផ្ទះរួចរាល់ហើយនោះ អ្នកនាង ខ្ញុង បានប្រកាសថា ខ្លួនប្ដូរទៅរស់នៅម្ដុំគួរស្រូវវិញ ដែលឆ្ងាយពីតំបន់ដែលអ្នកនាងធ្លាប់រស់នៅកន្លងមក។ ហើយបើទោះបីជាពេលនេះ អ្នកនាង ខ្ញុង បាត់បង់អ្វីៗអស់រលីងពីខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែគេនៅតែឃើញអ្នកនាងតាំងជំហរចិត្តរឹងមាំ ហើយអ្នកនាងនៅតែខំប្រឹងប្រែងលក់ប្រហុក លក់ផ្អក ត្រីងៀត និងផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីយកប្រាក់មកសងបំណុលគេឱ្យរួច ។ ហើយក្រៅពីនោះ អ្នកនាង ខ្ញុង នៅតែបន្តសកម្មភាពថតកំប្លែង ឃ្លីបវីដេអូខ្លីៗ សម្រាប់ក្រុមហ៊ុនដែលបានទាក់ទងមកអ្នកនាងឱ្យធ្វើការងារជូនតែប៉ុណ្ណោះ។
សូមជម្រាបថា ដូចគ្រប់គ្នាបានដឹងមកហើយ កាលពីអំឡុងខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង ខ្ញុង បានប្រកាសក្ស័យធននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយនាងបានជំពាក់បំណុលគេសរុបរហូតដល់ទៅជាង ៥៧ ម៉ឺនដុល្លារឯណោះ រហូតមកទល់ពេលនេះអ្នកនាងនៅតែបន្តសងបំណុលជាដំណាក់កាល ដែលអ្នកនាងនៅមិនទាន់អាចរលាស់ខ្លួនចេញបំណុលផុតទាំងស្រុងនៅឡើយទេ៕
