សិល្បៈជាតិ៖ បវរកញ្ញា រតនា សុខាវត្តី តំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួត Miss ECO International នៅប្រទេសអេហ្ស៊ីប។ កញ្ញានឹងគ្រងឈុត «ត្រីត្រសក់ក្រហម» នៅថ្ងៃប្រកួតវគ្គបឋមលើវេទិកាអន្តរជាតិនោះ។
ឈុតសំលៀកបំពាក់អេកូនេះត្រូវបានបំផុសគំនិតដោយត្រីត្រសក់ក្រហម ដែលត្រូវបានកំណត់ថាជាប្រភេទជិតផុតពូជ ដែលយើងអាចរកឃើញតាមដងទន្លេមេគង្គ ពីព្រំដែនឡាវ ដល់បឹងទន្លេសាប លើភាគឦសាននៃប្រទេសកម្ពុជា ត្រីប្រភេទនេះស៊ីខ្យងជាអាហារ។
ត្រីត្រសក់ក្រហម ត្រូវបានកំណត់ជាប្រភេទត្រីជិតផុតពូជដោយអនុក្រឹត្យលេខ ១២៣ អនក្រ បក ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០០៩ ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់។ ប្រវែងរបស់ត្រីនេះគឺប្រហែល 150 សង់ទីម៉ែត្រ។ រដូវពងកូនរបស់ ត្រសក់ក្រហម គឺនៅចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ ដែលគោលបំណងរបស់យើងនៃសំលៀកបំពាក់នេះគឺផ្សព្វផ្សាយសារមួយ ដើម្បីថែរក្សាត្រីប្រភេទនោះ ឱ្យក្លាយជាប្រភេទសត្វធម្មតាដែលរស់នៅលើផែនដីនេះ។
ឈុតនេះ « ត្រីត្រសក់ក្រហម » ត្រូវបានរចនាម៉ូដច្នៃប្រឌិតអំពី ប៉ាវស៊ីម៉ង់ត៍ ខ្សែ កញ្ចប់កាហ្វេ និងថង់ប្លាសិក ដែលជាជំរុញពីការយកចិត្តទុកដាក់ថែរក្សាបរិស្ថាន និងកាកសំណល់ចាស់ដែលមាននៅផែនដីនេះ។
សូមជម្រាបថា ឈុតនេះដែរ នឹងគ្រងដោយកញ្ញា រតនា សុខាវត្តី ដែលជា Miss ECO International Cambodia 2022 ដែលកំពុងមានវត្តមានប្រកួតនៅប្រទេសអេហ្ស៊ីប។ ហើយការប្រកួតវគ្គបឋម នៅថ្ងៃទី ១ ខែមីនា នៅអេហ្សីប វេលាម៉ោង ៨យប់ ដែលត្រូវនឹងនៅថ្ងៃទី ២ ខែមីនា ម៉ោងនៅប្រទេសកម្ពុជាវេលាម៉ោង ១ព្រឹកផងដែរ។


សូមកុំភ្លេចចូលរួមគាំទ្រ និងលើកចិត្តដល់បវរកញ្ញាកម្ពុជាយើង ដើម្បីឱ្យបានបោះជំហ៊ានចូលវគ្គកំពូលណាមួយក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

