សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំងនៅខេត្តកំពង់ស្ពឺ។

ស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តកំពង់ស្ពឺមានការរាលដាលយ៉ាងឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍មុនៗ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្តនេះ គឺជាមូលហេតុដែលសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺដែលសម្រេចផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺនៅតុលាការនេះ។

សាលាដំបូងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា នឹងកំណត់កម្មវិធីកោះហៅឡើងវិញ ក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តបានធូរស្រាលឡើងវិញ។ ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿងជាក់ស្ដែង សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងចាត់ការតាមការជាក់ស្ដែង ដោយយោងតាមករណីនីមួយៗ៕

Share.