កីឡាចំនួន១៦ប្រភេទ ក្នុងចំណោម៣៧ប្រភេទកីឡា ដែលដាក់ឱ្យប្រកួត ក្នុងស៊ីហ្គេម ឆ្នាំ២០២៣​នឹងត្រូវផលិតដោយអ្នកជំនាញការផលិតឯកទេសអន្តរជាតិ ដើម្បី​ពង្រឹង​ដល់​ការផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត លើកដំបូង នៅកម្ពុជានេះ។ ឯកឧត្ដម វ៉ាត់ ចំរើន ជា​អគ្គលេខា​ធិការ​ជាតិ​រៀប​ចំ​ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈ​កម្មការ​ជាតិ​អូឡាំពិកកម្ពុជា (NOCC) ក្នុង​កិច្ចប្រជុំក្រុមការងារ លើបញ្ហាការរៀបចំ មជ្ឈ​មណ្ឌល​ផ្សព្វផ្សាយអន្តរជាតិ (IBC) ការផលិត និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កាល​ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្ដម បានមានប្រសាសន៍ថា៖ «រាល់កិច្ចប្រជុំ យើងតែងតែលើកឡើងនូវការប្រកាន់ភ្ជាប់ និង​អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់ ធ្វើការផ្សព្វផ្សាយស៊ីហ្គេមនេះ ដោយសេរី គ្មាន​ការ​ចំណាយ​ថវិកា​អ្វី​ទាំង​អស់ គឺយកប្រព័ន្ធផ្សព្វផ្សាយទាំងបរទេសផលិត និងខ្មែរយើងផលិត ទៅផ្សព្វផ្សាយដោយសេរី យើងបញ្ជូនឱ្យដោយហ្វ្រីតែម្ដង»។

ឯកឧត្ដម វ៉ាត់ ចំរើន បានបន្ថែមថា៖ «អ៊ីចឹងនៅក្នុងហ្នឹង យើងបានបែងចែកគ្នា គឺកីឡា​ចំនួន​១៧​ប្រភេទ នឹងត្រូវផលិតដោយអ្នកជំនាញ និងអ្នកឯកទេសអន្តរជាតិ ដើម្បីមានគុណភាពមួយ ដែល​មាន​លក្ខណៈពិសេស ហើយធ្វើឱ្យអ្នកទស្សនាមើលឃើញហើយយល់ថា ការផលិតនេះ មាន​គុណភាព និងមានភាពទាក់ទាញខ្លាំង ចំពោះការទស្សនាកីឡា ព្រម​ទាំង​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈកីឡា»។

ឯកឧត្ដម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា បន្ទាប់ពីបែងចែក១៦ប្រភេទកីឡា ទៅ​ឱ្យ​អ្នក​ឯកទេស​អន្តរជាតិ ដូច្នេះនៅសល់២១ប្រភេទកីឡាទៀត គឺឯកឧត្ដម ផុស សុវណ្ណ នឹង​ដឹក​នាំ​ក្នុង​ការ​បែង​ចែក​ទៅកាន់ស្ថានីយទូរទស្សន៍ផ្សេងៗ ឱ្យចូលរួមជួយផលិត។ បន្ទាប់ពីធ្វើការបែងចែក និង​ស្វែង​រក​ចំណុច​ខ្វះខាត​កម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អមួយ គឺការស្រុះស្រួលគ្នា ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​អ្នកពាក់ព័ន្ធ ដើម្បីបំផ្ទុះព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ គឺស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ។

អគ្គលេខាធិការ CAMSOC រូបនេះ បានបន្ថែមទៀតថា មជ្ឈមណ្ឌលផ្សាយផ្ទាល់ IBC នឹង​ចាប់​ផ្ដើម​ទទួល​ការងាររៀបចំ និងការងារផ្សព្វផ្សាយនេះ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ តទៅ ហើយ​ការ​ផ្សាយ​ផ្ទាល់ដំបូងគេ នឹងធ្វើឡើង នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៩ ខែមេសា គឺ​ការ​ប្រកាស​បើក​ការ​ប្រកួតកីឡាបាល់ទាត់ដំបូងគេ៕

ប្រែសម្រួលពី៖ Cambodia 2023

Share.