ភ្នំពេញ៖ ពិព័រណ៍ម្ហូបអាស៊ី ឬហៅ Asian Food Festival បានក្លាយទៅជាវេទិកាសម្រាប់អ្នកទិញ និងអ្នកលក់មកជួបជុំគ្នាក្នុងទីតាំងកំណត់មួយនៅ Factory Phnom Penh ដើម្បីផ្សព្វផ្សាយពីផលិតផលដែលផលិតបានក្នុងស្រុក ក៏ដូចជាជំរុញទេសចរណ៍ និងជីវភាពអាជីវករឱ្យមានភាពប្រសើរឡើងមួយកម្រិតទៀត។ ពិព័រណ៍នេះបានវិលមកវិញជាមួយនិងភាពអស្ចារ្យ និងមុខម្ហូបដ៏សម្បូរបែបសម្រាប់មហាជនដែលបានអញ្ជើញមកភ្លក្សពិសា។

ស្តង់លក់អាហារចម្រុះរាប់រយស្តង់បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនយ៉ាងត្រៀបត្រាពាសពេញបរិវេនអតីតអគាររោងចក្រ ដែលផលិតផលទាំងនោះរាប់តាំងពីផលិតផលមុខម្ហូប ភេសជ្ជៈ សេវាកម្ម និងវត្ថុអនុស្សាវរីយ៍ជាដើម ដែលភាគច្រើនគឺជាអាហារក្នុងស្រុក និងប្រទេសដែលមាននៅក្នុងតំបន់អាស៊ីដូចជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា កូរ៉េ ជប៉ុន ឥណ្ឌូនេស៊ី វៀតណាម ចិន ជាដើម។
អាជីវករម្នាក់ដែលបានចូលរួមដាក់តាំងបង្ហាញមុខម្ហូប និងផលិតរបស់ខ្លួនក្នុងពិព័រណ៍នេះ បានបង្ហាញនូវសេចក្ដីសោមនស្សនិងសាទរចំពោះការទទួលយកឱកាសចូលរួមផ្សព្វផ្សាយពីអាហារ និងផលិតដែលមាននៅក្នុងហាងរបស់ខ្លួន។ ជាការពិតណាស់ ពិព័រណ៍ម្ហូបអាស៊ី គឺមានធ្វើឡើងតាំងពីឆ្នាំ ២០០២មកម្ល៉េះ ហើយនេះគឺជាលើកទី ៤ហើយពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំង ដើម្បីស្ដារជីវភាពអាជីវករឡើងវិញ ពីបន្ទាប់ជួបវិបត្តិគ្រោះកូវីដ១៩ អស់រយៈពេល ២ឆ្នាំមកនេះ។
សូមជម្រាបថា ពិព័រណ៍ម្ហូបអាស៊ី ឬ Asian Food Festival គឺជាកម្មវិធីដ៏ធំមួយនៅគម្រោង Urban Village និង Factory Phnom Penh ក្នុងគោលដៅជាផ្នែកមួយជំរុញដល់ការផ្សព្វផ្សាយពី សិល្បៈ វប្បធម៌ អរិយ្យធម៌ ម្ហូប ភាសា ជនជាតិ នៃបណ្តាប្រទេសនៅអាស៊ី ក៏ដូចជាប្រទេសជាសមាជិកអាស៊ានឱ្យកាន់តែច្រើនឡើងថែមទៀត។
សូមរីករាយជាមួយនឹងការចែករំលែកវប្បធម៌ ការសម្តែងជាច្រើនដ៏អស្ចារ្យ រួមទាំងកន្លែងថតរូបស្អាតៗ និងល្បែងកម្សាន្តជាច្រើនទៀតក្នុងពិព័រណ៍ម្ហូបអាស៊ី។ សូមកុំភ្លេចមកភ្លក្សមុខម្ហូបឆ្ងាញ់ៗ ជាច្រើនដែលមានក្នុងកម្មវិធី នៅថ្ងៃទី៤ និង៥ ខែមីនា ឆ្នាំ២០២៣ ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ ៩យប់ នៅ Factory Phnom Penh៕
