លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងជាអនុប្រធានអចិន្រៃ្តយ៍ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង ឱ្យដឹងនៅថ្ងៃថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនានេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ហើយនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។

លោកបន្ថែមថា ជាក់ស្តែងនៅថ្ងៃទី២៩ មិថុនានេះ មានស្រ្តីវ័យ៧៦ឆ្នាំស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលវេលាម៉ោង១រំលងអធ្រាត្រខណៈដែល បុរស អាយុ២៣ ឆ្នាំទៀតបាន ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង វេលាម៉ោង ១៧:២០នាទី ថ្ងៃទី២៨ មិថុនា។

ក្រៅពីនេះ មានបុរសអាយុ៦៤ឆ្នាំ ស្លាប់ថ្ងៃទី១០ខែមិថុនា នៅមន្ទីរពេទ្យខេត្ត បុរសអាយុ ៧១ឆ្នាំ ស្លាប់ថ្ងៃទី២៣ខែមិថុនានៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងស្ត្រី អាយុ៦០ ឆ្នាំម្នាក់ទៀត  បានស្លាប់នៅថ្ងៃទី២៤ខែមិថុនានៅមន្ទីរពេទ្យខេត្ត។

ទាក់ទិននឹងអត្រាស្លាប់របស់អ្នកជំងឺកូវីដនេះ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានរំលឹកឲ្យប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចាំបាច់បន្តចូលរួមអនុវត្តសុខាភិបាល៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួន។ តស៊ូលំបាករយៈពេលខ្លី ចៀសវាងលំបាករយៈពេលវែង ទោះបីជាទទួលបានវ៉ាក់សាំងបង្ការរួចហើយក៏ដោយ។

យោងតាមរបាយការណ៍ទិន្នន័យរបស់មន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងថា ខេត្តកោះកុងមានអ្នកជំងឺកូវីដ ១៩ សរុប១.៥៩៧នាក់ ស្រ្តី១.០៦៨ ស្លាប់៣នាក់ និងកំពុងព្យាបាល១.៤១៧នាក់/ស្រ្តី៩៧៤នាក់៕

អត្តបទ៖ សិទ្ឋី

Share.