ផលប៉ះពាល់ចុងក្រោយដោយសារភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់កាលពីរសៀលបានបណ្តាលឲ្យពលរដ្ឋស្លាប់ និងរបួសចំនួន ៣នាក់ ថែមទាំងបានបំផ្លាញលំនៅដ្ឋានក្នុងភូមិសាស្ត្រ ស្រុកចំនួន៤របស់ខេត្តបាត់ដំបងកើនជិតដល់ ២០០ខ្នង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ធម្មជាតិបង្កឡើងដោយភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់រាយប៉ាយកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះបានធ្វើឲ្យមូលដ្ឋានស្រុកចំនួន ៤ ក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់ធ្ងន់ និងស្រាលក្នុងនោះរួមមាន: ស្រុកសង្កែ ស្រុករុក្ខគីរី ស្រុកឯកភ្នំ និងស្រុកមោងឫស្សី។

ឥទ្ធិពលនៃគ្រោះធម្មជាតិលើកនេះបណ្តាលឲ្យប្រជាពលរដ្ឋ ១នាក់បានស្លាប់ដោយសារផ្ទះសង្កត់លើ និងរងរបួសចំនួន ២នាក់ រួមទាំងបំផ្លាញទីផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៩៨ខ្នងផ្ទះដោយមានខ្លះប៉ើងរបើកដំបូល និងរលំទាំងស្រុងក៏មាន។

ប្រភពពីអាជ្ញាធរបានឲ្យដឹងដែរថា នៅក្នុងចំណោមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលរងការប៉ះពាល់នោះរួមមាន៖ក្នុងស្រុកសង្កែចំនួន ១៦ខ្នង ស្រុករុក្ខគីរី រងការខូចខាតអស់ចំនួន ១២ខ្នង ស្រុកឯកភ្នំ រងការខូចខាតផ្ទះចំនួន ៣២ខ្នង រលំផ្ទះសង្កត់លើស្ត្រីឈ្មោះពិន ឈួក អាយុ ៦៧ឆ្នាំ បានស្លាប់ ចំណែកប្តីឈ្មោះញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួស និងមូលដ្ឋានស្រុកមោងប្ញស្សីបានបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៣៨ខ្នង​និង ដើមឈើរលំសង្កត់ ១ខ្នង៕

អត្ថបទ៖ដំបងក្រញូង

Share.