ការប្រកួតពានរង្វាន់បាល់ទាត់មហាជនប្រចាំស្រុកល្វាឯម ឆ្នាំ២​០​២​​៣ បាន​ដំណើរការ​ហើយ​ នៅ​ល្ងាចថ្ងៃ​អាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ​នៅ​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

នៅក្នុងកម្មពិធីនៃការប្រកួតពានរង្វាន់មហាជនស្រុកល្វាឯម ឆ្នាំ២០២៣ នេះផងដែល ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ទស្សនា​ពី​សំណាក់​ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល​ ឯក​ឧត្តម​​ ស៉ិន សុគង់ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យ៉េន សុភ័ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះ​ស្រាយផលប៉ះពាល់ នៃក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត កន  សុខកាយ អភិបាល​ នៃគណៈអភិបាល​ស្រុកល្វាឯម​។

ប្រកួត​បើក​ឆាក​នេះ​ដែរ ក្រុមបាល់ទាត់យុវជនឃុំសារិការកែវ បានយកឈ្នះលើក្រុម បាល់​ទាត់យុវជនអធិរាជជ្រោយពិសី ដោយលទ្ធផល ១-០ ពេញ ៩០នាទី ខណៈ​១គ្រាប់របស់​ក្រុម​សារិការកែវ រកបានដោយកីឡាករពាក់អាវលេខ៩ សរ កំសាន នៅនាទីទី២៣។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បញ្ជាក់​ថា​គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីឲ្យយុវជនក្នុងស្រុកបានលេងកីឡាដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសជួយឲ្យវិស័យកីឡាក្នុងស្រុកបានរីកចម្រើនខ្លាំងទៅថ្ងៃអនាគត់ ស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

គួររំលឹកថា ក្រុមបាល់ទាត់អធិរាជជ្រោយពិសី ធ្លាប់បានគ្រងជើងឯកពានរង្វាន់បាល់ទាត់​ប្រចាំឆ្នាំ២០២២ កន្លងទៅបន្ទាប់ពីបានយកឈ្នះ លើក្រុមយុវជនឃុំអរិយ៍ក្សត្រ ដោយលទ្ធផ​ល​​ ២-០​ នៅវគ្គផ្តាច់ព្រ័ត្រ​​ ធ្វើឲ្យ​អធិរាជជ្រោយពិសី គ្រោងជើងឯកប្រចាំឆ្នាំ២០២២ អមដោយទឹកប្រាក់ ១០លានរៀល៕

Share.