ស្ដេច​ប្រដាល់​ Manny Pacquiao របស់​ហ្វីលីពីន ដែល​មាន​ឈ្មោះ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​នោះ បាន​តំណាង​ប្រទេស​របស់​ខ្លួន​ចូលរួម​​កិច្ច​ប្រជុំ​ពិភាក្សា​តុ​មូល ​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​នៃ​បណ្តា​ប្រទេស​អាស៊ាន-រុស្ស៊ី ក្រោម​ប្រធាន​បទ«តួនាទី​នៃ​កម្លាំង​គណបក្ស​រុស្ស៊ី ​និង​អាស៊ាន ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពង្រឹង​ស្ថាបន្យកម្ម សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក ក្នុង​ឱកាស​២៥ឆ្នាំដៃគូ»។

តំណាង​ឱ្យ​ប្រជាធិបតី​លោក Rodrigo Duterte អ្នក​ប្រដាល់ Manny Pacquiao ដែល​ជា​​ប្រធាន​គណបក្ស PDP-Laban (Partido Demokratiko Pilipino–Lakas ng Bayan) បាន​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​​ប្រធាន និង​តំណាង​គណបក្ស​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​រុស្ស៊ី។

ជាមួយ​គ្នា​នេះ​ដែរ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ឱ្យ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ Manny Pacquiao ដែល​​ចាត់​ទុក​ថា​មិន​ត្រឹម​តែ​ជា​អ្នក​ជោកជ័យ​ក្នុង​វិស័យ​កីឡា​នោះ​ទេ ថែម​ទាំង​ជោគជ័យ​ក្នុង​វិស័យ​នយោបាយ​ទៀត​ផង។

កិច្ចប្រជុំ​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១ ផង​ដែរ៕

Telegram-Troryorng
Share.