សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញទស្សនៈរបស់ខ្លួនចំនួន ៥ចំណុច នៅក្នុងកិច្ចប្រជុំតុមូល ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្ដាប្រទេសអាស៊ាន-រុស្ស៊ី ក្រោមប្រធានបទ «តួនាទីនៃកម្លាំងគណបក្សរុស្ស៊ី និងអាស៊ានប្រកបដោយការទទួលខុសត្រូវ ក្នុងការពង្រឹងនិមាបនកម្មសន្ដិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈ វីដេអូពីចម្ងាយ នារសៀលថ្ងៃទី ២៩ ខែមិថុនា ២០២១។

នៅក្នុងកិច្ចប្រជុំខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញទស្សនៈចំនួន ៥ចំណុច មានដូចខាងក្រោមនេះ ៖

  • ទី១. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិត ប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយ ទាំងឡាយណា ដែលអាចកើតមានឡើង ។
  • ទី២. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ ទាំងអស់គ្នា។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវ គោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗ ទៀត ។ ទន្ទឹមនេះ ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង ៥ នៃ ក្របខ័ណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ (ASEAN Comprehensive Recovery Framework – ACRF) ។
  • ទី៣. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) ស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ យុត្តិធម៌ ស្ថិរភាព និងភាពអាចប៉ាន់ ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញ ទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការ ឈ្នះ- ឈ្នះ ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដង ទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជា គោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ។
  • ទី៤. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងទៅលើកិច្ចការនានា ដែលរួបរួមយើងជា ធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់ អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង ។ យើងចាំបាច់ ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្ត និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្ត្រនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុង ការឆ្លើយតបទៅនឹងស្មារតីនៃសង្គ្រាមត្រជាក់ ។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាពសន្តិសុខអ៊ីនធឺណិត ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អ សម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ ។
  • ទី៥. ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្ដល់ការគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជា គំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន

Share.