សិល្បៈជាតិ៖ ភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» បានដាក់ប្រកាសការចាក់បញ្ចាំងជាផ្លូវការហើយ នារសៀលថ្ងៃទី ១៤ ខែមីនា ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអ្នកចូលរួមជាង១០០នាក់។
នាឱកាសដ៏វិសេសនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ បានមានប្រសាសន៍ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា”លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនទើបតែបញ្ចប់ទៅ ក៏បានគូសវាសគោលដៅថ្មីក្នុងការជំរុញទំនើបកម្មបែបផែនចិន។ ខ្ញុំពិតជាទន្ទឹងរង់ចាំមើលប្រទេសចិនលើចំណុចចាប់ផ្ដើមថ្មី នៃដំណើរថ្មី អាចចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនបន្ថែមទៀតជូនពិភពលោក ជាពិសេសប្រទេសនៅជុំវិញ ដើម្បីចូលរួមកាន់តែច្រើនទៀតក្នុងសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ។
ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន ជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ។
លោកស្រី Kong Siqi ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាឆ្នាំខួបទី១០នៃការដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”ផងដែរ។ ក្នុងឆ្នាំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ វិទ្យុមិត្តភាពកម្ពុជាចិនមានបំណងនាំយកភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួនបីភាគមកជូនអ្នកទាំងអស់គ្នាទស្សនា។ ពួកយើងចង់ប្រើស្នាមញញឹមកម្ពុជាដើម្បីរំលាយទឹកកក បំបែករបាំង លើកកម្ពស់ការយោគយល់គ្នា និងបន្ថែមភាពកក់ក្តៅនៅក្នុងដួងចិត្តប្រជាជន។
ក្រោយបានទស្សនាការចាក់បញ្ចាំងភាពយន្តឯកសារ«ស្នាមញញឹមកម្ពុជា» ភាគទី១ រួចមក ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចែករំលែកចំណាប់អារម្មណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “បងប្អូនមិត្តភាពដែកថែប” “សហគមន៍ជោគវាសនារួមកម្ពុជាចិន“ “ទំនើបកម្មបែបផែនចិន” បានក្លាយជាពាក្យពេញនិយម ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់។ អនាគត ពួកយើងក៏សង្ឃឹមថា ប្រទេសទាំងពីរកម្ពុជាចិន បន្តប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ជួយគ្នាទៅវិញទៅមក ធ្វើឱ្យ”ទំនើបកម្មបែបផែនចិន”ដែលជំរុញភាពមានបានរួមគ្នា និងវឌ្ឍនភាពប្រកបដោយសន្តិភាព ក្លាយជាបែបផែនអភិវឌ្ឍន៍អាចយកជាគំរូបាន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងក្នុងពិភពលោកផងដែរ។
ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន បានផ្សាយផ្ទាល់កម្មវិធីនេះនៅលើប្រព័ន្ធបណ្ដាញសង្គម រួមទាំងបណ្ដាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅកម្ពុជាផ្សេងទៀតផងដែរ។