សិល្បៈជាតិ៖ ខ្មែរ​ហៅ​ថា «តាខេ» ស្រដៀង​គ្នា​នឹង​ភាសា​សៀម​ហៅ​ថា «ចរខេ៍» ឬ​ «តៈខេរ៍» មាន​ន័យ​ថា សត្វ​ក្រពើ ។ ពាក្យ​ថា «តាខេ» ក៏​មាន​ន័យ​ថា សត្វ​ក្រពើ​ដែរ ពីព្រោះ​ឧបករណ៍​តាខេ​នេះ​មាន​រូបរាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តាខេ​មាន​រូបរាង​ធម្មតា​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើ​អស់​ហើយ ។ នៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ ខ្លះ​ហៅ​ថា «តៈខេ» ខ្លះ​ទៀត​ហៅ​ថា «តាខេ» ។

ឧបករណ៍​នេះ​មាន​មុខងារ​សំខាន់​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អាយ៉ៃ វង់​ភ្លេងការ​សម័យ​ទំនើប និង​ប្រគំ​ម្នាក់ឯង ជួនកាល​ចម្រៀង​ដេញ​បែប​ចាប៉ី​ដង​វែង​ក៏​មាន ។ នៅ​ក្នុង​វង់ភ្លេង​មហោរី គេ​ច្រើន​តែ​យក​តាខេ​ណា​ធំ​ៗ មាន​សំនៀង​ក្រាង​ក្រអៅ​ធ្ងន់​មក​ចូលរួម​ប្រគំ ប៉ុន្ដែ​នៅ​ក្នុង​វង់ភ្លេង​អាយ៉ៃ និង​វង់​ភ្លេងការ​សម័យ​ទំនើប​វិញ គេ​ច្រើន​តែ​យក​តាខេ​តូច​ជាង​បន្ដិច​មាន​សំនៀង​ចចាត​ស្រាល​មក​ប្រគំ ។ តាខេ​មាន​ដំណើរ​សាច់​បទ​ចិញ្ច្រាំ​ញាប់​ធ្វើ​ឱ្យ​សំនៀង​ចង្អៀត​ជាង​ឧបករណ៍​ ដទៃ ។

សព្វថ្ងៃ​តាខេ​នៅ​កម្ពុជា​យើង​ធ្វើ​អំពី​ឈើខ្នុរ ដែល​ជា​ប្រភេទ​ឈើ​ឱ្យ​សំនៀង​ល្អ​ជាង​ឈើ​ដទៃ ។ ដូនតា​យើង​បាន​បែង​ចែក​តាខេ​ទាំងមូល​ជា​៣​ផ្នែក​គឺ​ ក្បាល ដងខ្លួន និង​ពោះ ។ នៅ​ត្រង់​ក្បាល​មាន​ព្រលួត​៣ ច្រើន​ធ្វើ​អំពី​ឈើ​រឹងៗ មាន​កំប៉ក់​អាចម៍​ឆ្កែ​១ (ពក​នៅ​លើ​ច្រមុះ​ក្រពើ បុរាណ​ហៅ​ថា កំប៉ក់​អាចម៍​ឆ្កែ) បន្ដុប​ពី​លើ​សម្រាប់​លម្អ ។ មាន​ធរណី (ប្រកៀន) ដាក់​បន្ទាប់​ពី​ព្រលួត គឺជា​ខ្ទង់​ដែល​ខ្ពស់​ជាង​គេ​សម្រាប់​ទ្រ​ខ្សែ​ឱ្យ​ផុត​ពី​ខ្ទង់​ដទៃ ។ នៅ​ក្រោម​ក្បាល​មាន​ជើង​មួយ​សម្រាប់​ទ្រ ។ នៅ​លើ​ខ្លួន​ មាន​ខ្ទង់​១២ ធ្វើ​អំពី​ឈើ​រឹង ឬ​ឆ្អឹង​ដំរី ។ នៅ​លើ​ខ្ទង់​នីមួយៗ​មាន​បិទ​ឆ្អឹង ឬ​ខ្នង​ឫស្សី​រឹង​បន្ដុប​ពីលើ​សម្រាប់​ការពារ​ភាព​សឹករឹល​នៃ​ខ្ទង់ ។

ខ្ទង់​ទាំង​១២​នេះ​រាយ​ចន្លោះ​ពី​មួយ​ទៅ​មួយ​តាម​កម្រិត​សំនៀង​របស់​ ខ្លួន ។ នៅ​លើ​ពោះ​មាន​ប្រអប់​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្ពាន់​មាន​ឈ្មោះ​ហៅ​ថា ក្រាញ (គីង្គក់) នៅ​លើ​ក្រាញ​មាន​បន្ទះ​ឫស្សី​តូច​ស្ដើង​សម្រាប់​កល់​ខ្សែ​សំនៀង​ឱ្យ​មាន​ សំនៀង​ក្រាងៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​តាខេ ។ នៅ​ខាងក្រោម​ពោះ​មាន​ជើង​៤ ឬ​២​សម្រាប់​ទ្រ​តួ​តាខេ ។ ខ្សែ​សំនៀង​មាន​៣ ៖

1-ខ្សែ​ទី​១ ហៅ​ថា ខ្សែ​ឯក មាន​សំនៀង​តូច​ជាងគេ ពី​ដើម​គេ​ប្រើ​សរសៃ​សូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​គេ​ប្រើ​ជ័រ​នីឡុង​ជំនួស​វិញ ។
2-ខ្សែ​ទី​២ ហៅ​ថា ខ្សែ​គ មាន​សំនៀង​គ្រលរ ធ្វើ​អំពី​សរសៃ​សូត្រ​ដែរ ប៉ុន្ដែ​ឥឡូវ​គេ​ប្រើ​ខ្សែ​នីឡុង​វិញ ។
3-ខ្សែ​ទី​៣ ហៅ​ថា ខ្សែ​បន្ទរ មាន​សំនៀង​ធំ ធ្វើ​អំពី​ខ្សែ​លោហធាតុ​ប្រើ​សម្រាប់​តែ​បន្ទរ ។

ក្រចក​កេះ​ខ្សែ​សំនៀង មាន​រាង​មូល​ទ្រ វែង​ជម​ផ្នែក​ខាង​កេះ ក្រចក​នេះ​ធ្វើ​អំពី​ឈើ​រឹង ឬ​ភ្លុក​ដំរី មាន​ដោត​ខ្សែ​ចំ​កណ្ដាល​សម្រាប់​ទុក​រុំ​ភ្ជាប់​នឹង​ចង្អុលដៃ​កេះ ។ ក្នុង​ពេល​ប្រគំ​បទ​ភ្លេង​ម្ដងៗ គេ​ប្រើ​ប្រាស់​ខ្សែ​ឯក​ច្រើន​ជាងគេ​សម្រាប់​រាយ​សាច់​បទ ឯ​ខ្សែ​គ និង​ខ្សែ​បន្ទរ​ពុំ​សូវ​ប្រើ​ឡើយ ។ តន្ដ្រីករ​តាខេ​គ្រប់​រូប​ប្រើ​ម្រាមដៃ​តែ​៣​សម្រាប់​ចុច​ខ្សែ​សំនៀង ចំណែក​ឯ​មេដៃ និង​កូនដៃ​គេ​ច្រើន​តែ​ទុក​នៅ​ទំនេរ ៕

Share.