


លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជាប់ឆ្នោតជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ដ អាណត្តិទី៧ ជំនួសលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលជាប្រធានសហព័ន្ធចាស់។



ក្រោយទទួលបានតំណែងនេះលោក សំហេង បុរស បានបង្ហាញការតាំងចិត្តលើហ្វេសប៊ុកផ្លូវការរបស់លោកថា៖«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងបំផុត ដែលឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំសមាគម ក្លិប កីឡាអត្តពលកម្ម បានផ្តល់សេចក្តីទុកចិត្ត ក្នុងការបោះឆ្នោតឱ្យខ្ញុំបាទ បានធ្វើជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត អណត្តិថ្មីនេះ។ ខ្ញុំបាទនិងក្រុមការងារ ប្តេជ្ញាថានឹងបន្តបេសកកម្ម ដឹកនាំ គ្រប់គ្រង ផ្សព្វផ្សាយ និងធ្វើសកម្មភាព អភិវឌ្ឍកីឡាអត្តពលកម្ម ឱ្យបានរីកចម្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ប្រធានសហព័ន្ធថ្មីបានបន្ថែមថា៖«ជាពិសេសយើងនឹងខំពុះពារបន្ថែមទៀត ដើម្បីសម្រេចបាន លទ្ធផលល្អក្នុងពេលដែលកម្ពុជា យើងទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) លើក ទី៣២ នាឆ្នាំ២០២៣ ឆាប់ៗខាងមុខ»។



សូមបញ្ជាក់ថាការបោះឆ្នោតអាណត្តិថ្មីនេះ រៀបចំឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយលោក សំហេង បុរស ទទួលបានការគាំទ្រពីអង្គសន្និបាតឱ្យធ្វើជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តជំនួសឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលសុំលាលែងពីដំណែងជាប្រធាន។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិក សមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាងសមាគម និងក្លិបកីឡាអត្តពលកម្ម ចំនួន២៧ តាមប្រព័ន្ធអនឡាញ Zoom។
ក្នុងអាណត្តិទី៧ ដដែលនេះសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត មានសមាសភាពដឹកនាំដោយលោក សំហេង បុរស ជាប្រធាន អមដោយអនុប្រធានពីររូប គឺលោក ផៃ សុខ និងលោក ដាំ ភិរម្យ ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១០រូប មានអគ្គលេខាធិការ ០១រូប និងអគ្គលេខាធិការរង ០២រូបផ្សេងទៀត៕


