
ពានរង្វាន់ Merlion Cup 2023 មានក្រុម៤ ចូលរួម ដោយចាប់ផ្ដើមប្រកួត នៅថ្ងៃទី២៤ ខែមីនា ខាងមុខ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ស្របពេលយុវជនអាយុក្រោម២២ឆ្នាំ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយម៉ាឡេស៊ី ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរីត្រូវប្រកួតជាមួយ ហុងកុង។
សម្រាប់ក្រុមម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក E. Elavarasan ខណៈក្រុមនេះធ្លាប់បានប្រកួតមិត្តភាពបិទទ្វាកម្តៅសាច់ដុំជាមួយក្រុមម៉ាឡេស៊ី ឈុតធំ កាលពីដើមខែ ធ្នូ ឆ្នាំ២០២២ កន្លងទៅដោយចាញ់ ៣-១។
ចំណែកក្រុមកម្ពុជា វិញបានប្រកួតចាញ់ក្រុមជប៉ុន ៣-១ ក្នុងជំនួបមិត្តភាពទល់ក្រុមជប៉ុន អំឡុងខែកញ្ញា ឆ្នាំ២០២២ លើទីលានពហុកីឡដ្ឋានជាតិមរតតេជោ។ ថ្មីៗនេះក្រុមកម្ពុជា ចេញទៅហ្វឹកហាត់រយៈពេលខ្លីនៅកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនបើកទ្វាទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងខែឧសភា ខាងមុខ។
ជំនួបចុងក្រោយរវាងក្រុមម៉ាឡេស៊ី ជាមួយកម្ពុជា កាលពី៣១២ថ្ងៃ មុនការប្រកួតចុងខែនេះមកដល់ឃើញថាក្រុមទាំង២បានស្មើគ្នា ២-២ ក្នុងវគ្គជម្រុះតាមពូលព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ។ កីឡាករ Hadi រកបានគ្រាប់បាល់២គ្រាប់ឲ្យម៉ាឡេស៊ី ចំណែក២គ្រាប់កម្ពុជា រកបានដោយ ជួន ចាន់ចាវ និង សា ទី។
រូបមន្តប្រកួតនឹងយកក្រុមទាំង៤ ចាប់គូគ្នា ប្រកួតថ្ងៃទី១ ហើយថ្ងៃទី២ ក្រុមឈ្នះ នឹងត្រូវប៉ះគ្នា ដណ្តើមយកជើងឯក ហើយក្រុមដែលចាញ់ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣។

ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះច្រើនជាងគេ២លើកឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩៕


