សិល្បៈជាតិ៖ នាព្រឹកថ្ងៃទី 20 ខែមីនា ឆ្នាំ ២០២៣ កម្មវិធីសង្ក្រាន្ត NNP បានរៀបចំពិធីក្រុងពាលី និងប្រកាសដំណើរការកម្មវិធីជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកជំទាវឧកញ៉ា ទ្រី ដាណា និងបានគ្រងនូវបុរាណខ្មែរ ក្នុងឈុត «ព្រះនាងជ័យរាជាទេវី» ។
ក្រៅពីនោះក៏មានតារាសិល្បៈជាច្រើនដួងបានចូលរួមគ្រងឈុតបុរាណដូចជាលោក សេង មង្គល អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆឹម សក្កដា លោក ឡៅ បញ្ញា លោក តេង វាសនា លោក Tommy កញ្ញា ពេជ្រ ចរណៃ កញ្ញា សុខ លីន ក្រុមសិល្បកររបាំបុរាណ ក្រុមយុទ្ធក្រមខម ក្រុមសម្ដែងក្បាច់គុនល្បុក្កតោ រួមទាំងតារាសិល្បៈ និងតារា TikTok ល្បីៗជាច្រើនរូបទៀតបានចូលរួម។
យ៉ាងណាមិញ លោកជំទាវឧកញ៉ា ទ្រី ដាណា បានថ្លែងនៅក្នុងថ្ងៃពិធីក្រុងពាលីថា លោកជំទាវពិតមានចិត្តសប្បាយនឹងរំភើបជាខ្លាំង ដែលលោកបានរៀបចំកម្មវិធីនេះឡើង និងបន្តផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្មែរ រួមទាំងការគ្រងឈុតបែបបុរាណនេះផងដែរ។ លោកជំទាវរំពឹងថា សង្ក្រាន្ត NNP នឹងមានមហាជនមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ហើយកម្មវិធីនេះក៏នឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំតែម្ដង។
សូមជម្រាបថា សង្រ្កាន្ត NNP ក្រៅពីបង្កភាពសប្បាយរីករាយតាមរយៈ ការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត ការសម្ដែង និងប្រគំតន្ត្រីហើយនោះ មហាជនក៏ទទួលបាននូវការដើរទស្សនា និងទិញទំនិញជាច្រើនមុខតាមស្ដង់ផលិតនិងអាហារផងដែរ។
សង្រ្កាន្ត NNP គឺធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ភាពសប្បាយរីករាយសម្រាប់អំណរឆ្នាំថ្មី ជាមួយនិងការផ្សព្វផ្សាយពីព្រលឹងសិល្បៈ វប្បធម៌ និងបេតិកភណ្ឌខ្មែរ ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យជាមត៌ក ។ សង្រ្កាន្ត NNP នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២៤ ២៥ និង ២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះនៅលើទីតាំងជាប់វិមានឈ្នះឈ្នះ៕