សិល្បៈជាតិ៖ ឈុតច្នៃចេញពីហូលខ្មែររបស់បណ្ឌិតច្នៃម៉ូដ ឯម រាម បានស្លៀកពាក់នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ PMA 2023 ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមបញ្ចេញមតិដោយបានស្នើសុំឱ្យមហាជនស្វែងរកចំណុចរួម​«គំនិតច្នៃប្រឌិត»ជាប្រយោជន៍សម្រាប់ជាតិទាំងអស់គ្នា។ ការស្នើសុំនេះបន្ទាប់ពីមានការវែកញែកមួយប៉្រាវនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកមតិថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រាម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ»។

ឯកឧត្តម បានបន្តរៀបរាប់ទៀតថា «ខ្ញុំសូមស្នើឱ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»។

ក្រោយការបញ្ចេញមតិរបស់ ហ៊ុន ម៉ានី នៅលើបណ្ដាញសង្គមដូចខាងលើនេះ លោក ឯម រាម បានប្រាប់មកកាន់សារព័ត៌មានត្រយងថា លោកពិតជាអរគុណចំពោះទស្សនៈរបស់ឯកឧត្តម។ លោកថា អ្នកលេងបណ្ដាញសង្គមដែលបានរិះគន់ចំពោះការស្លៀកពាក់របស់លោកនៅក្នុងព្រឹត្តិការណ៍ PMA 2023 នោះមកពីពួកគេនៅមិនទាន់យល់អំពី Concept របស់កម្មវិធី ដែលតម្រូវឱ្យតារាៗស្លៀកពាក់បែបប្លែកៗនិងទាក់ទាញ។ លោក ឯម រាម រំពឹងថា មហាជននឹងយល់អំពីការច្នៃប្រឌិតរបស់លោកបន្ថែមទៀត និងអ្វីដែលជាគោលបំណងពិតរបស់លោក។

Share.