ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគីរុស្ស៊ីគឺ លោក វ្ល៉ាឌីមៀ ពូទីន ដែលនាំទំនាក់ទំនងរបស់ប្រទេសទាំង២ ចូលទៅក្នុង «យុគសម័យថ្មី» នៃកិច្ចសហប្រតិបត្តិការ ខណៈមេដឹកនាំនៃប្រទេសទាំង២ បានអំពាវនាវឲ្យមានការសន្ទនាប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ពុធ ទី ២២ ខែ មីនា ឆ្នាំ ២០២៣។

លោក ស៊ី បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក ពូទីន នៅវិមានក្រឹមឡាំងកាលពីថ្ងៃ អង្គារ ថា «យើងបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយស្ដីពីការធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត និង ទំនាក់ទំនងទ្វេភាគីដែលកំពុងឈានចូលយុគ្គសម័យថ្មីមួយ»។

លោក ស៊ី បន្ថែមថា ចិន និង រុស្ស៊ី គួរតែធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងដ៏អស្ចារ្យ។

ផ្ទុយទៅវិញ លោក ពូទីន បាននិយាយថា «កិច្ចព្រមព្រៀងទាំងអស់ត្រូវបានឈានមកដល់ ហើយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុង ម៉ូស្គូ និង ទីក្រុង ប៉េកាំង គឺជា «អាទិភាព» សម្រាប់ប្រទេសរុស្ស៊ី»។

យ៉ាងណាម៉ិញ កិច្ចពិភាក្សានេះមានគោលបំណងពង្រឹងភាពជាដៃគូ «គ្មានដែនកំណត់» ដែលមេដឹកនាំទាំង២ បានប្រកាសកាលពីខែ កុម្ភៈ ឆ្នាំមុន មានរយៈពេល តិចជាង ៣សប្ដាហ៍មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ជុំវិញជម្លោះនេះ មេដឹកនាំចិនបាននិយាយថា ទីក្រុង ប៉េកាំង ត្រូវបានដឹកនាំដោយគោលការណ៍របស់អង្គការសហប្រជាជាតិ និង ជំរុញឲ្យមានដំណោះស្រាយដោយសន្ដិវិធី ក្នុងការដោះស្រាយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ លោក ស៊ី បានបន្ថែមថា «យើងតែងតែធ្វើដើម្បីសន្ដិភាព និង ការចរចា»។

សូមរំលឹកថា មេដឹកនាំចិនបានធ្វើទស្សនកិច្ចនៅទីក្រុង ម៉ូស្គូ ប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន សម្រាប់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេស អ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីមានការរីកចម្រើនតិចតួចក្នុងប៉ុន្មានខែថ្មីៗនេះ បើទោះបីជាទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ៕

ប្រភព៖ Aljazeera

Share.